(ឡាសវេហ្គាស)៖ បេក្ខជន​ប្រធានាធិបតី ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​សន្យា​គាំទ្រ​យ៉ាងខ្ជាប់ខ្ជួនសម្រាប់​អ៊ីស្រាអែល​ ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស​កាលពី​ថ្ងៃ​សៅរ៍ ​នៅឯ​ពិធី​ជួបជុំ​ប្រចាំឆ្នាំ​ នៃ​ម្ចាស់ជំនួយ​ជ្វីហ្វ​ដ៏​មាន​ឥទ្ធិពល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០២៣។

អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងព្រឹត្តិការណ៍សម្ព័ន្ធភាពជ្វីហ្វរបស់បក្សសាធារណរដ្ឋនោះ យ៉ាងដូច្នេះថា «ខ្ញុំនឹងការពារមិត្តភ័ក្តិ និងសម្ព័ន្ធមិត្តរបស់យើងក្នុងប្រទេសអ៊ីស្រាអែល ដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនមក»។

លោក ត្រាំ បាននិយាយទៀតថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ គឺជា «ការប្រយុទ្ធគ្នារវាងអរិយធម៌ និងភាពព្រៃផ្សៃ ភាពថ្លៃថ្នូរ និងភាពថោកទាប ល្អ និងអាក្រក់» ដោយបានទទួលការឆ្លើយតបយ៉ាងកក់ក្តៅបំផុតពីអ្នកចូលរួមក្នុងកម្មវិធីនោះ។

អតីតពិធីករទូរទស្សន៍រូបនេះ នៅតែមានភាគរយច្រើនក្នុងឈ្នះជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណៈរដ្ឋ ក្នុងការប្រជែងនឹងលោក បៃដិន នៅឆ្នាំក្រោយ បើទោះបីជាប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនក៏ដោយ។ លោក​បាន​បង្ក​ការ​ខឹងសម្បារ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ពណ៌នា​ក្រុមហេសបូឡាលីបង់ ថា «ឆ្លាត​ណាស់» និង​រិះគន់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu។

នៅក្នុងពិធីនោះផងដែរ គូប្រជែងជិតស្និទ្ធបំផុតរបស់ លោក ត្រាំ គឺអភិបាលរដ្ឋ Florida លោក Ron DeSantis ក៏បានហៅការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ០៧ ខែតុលាថា «ការវាយប្រហារដ៏សាហាវបំផុតលើជនជាតិយូដាចាប់តាំងពីការសម្លាប់រង្គាល»។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយឆ្មក់ចូលប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ការទម្លាក់គ្រាប់បែកសងសឹកដោយឥតឈប់ឈររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៨,០០០ នាក់ ភាគច្រើនជាជនស៊ីវិល ហើយភាគច្រើនជាកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

រូបភាពពី AFP