(ដាក្កា)៖ នៅថ្ងៃអាទិត្យនេះ មេដឹកនាំប្រឆាំងធំជាងគេនៃប្រទេសបង់ក្លាដែស ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ស្របពេលដែលការប៉ះទង្គិចគ្នា ​បានបន្តឈានដល់ថ្ងៃទី២ រវាងកងកម្លាំងប៉ូលិសនិងក្រុមបាតុករ ដែលធ្វើសកម្មភាពតវ៉ាប្រឆាំងនាយករដ្ឋមន្រ្តី មុនការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

អគ្គស្នងការប៉ូលិសតំបន់ទីក្រុង Dhaka លោក Habibur Rahman បាននិយាយថា មេដឹកនាំនៃគណបក្សជាតិនិយមបង់ក្លាដែស BNP លោក Mirza Fakhrul Islam Alamgir ត្រូវបានឃាត់ខ្លួនសម្រាប់ការសួរចម្លើយ។ បើតាមលោក Rahman លោក Alamgir នឹងត្រូវសួរនាំអំពីការផ្ទុះអំពើហិង្សា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដែលបានបណ្តាលឱ្យមន្រ្តីប៉ូលិសម្នាក់ រួមទាំងបាតុករម្នាក់បាត់បង់ជីវិត ហើយរថយន្តសង្រ្គោះបន្ទាន់របស់ប៉ូលិស យ៉ាងហោច២៦គ្រឿង ត្រូវបានដុតបំផ្លាញឬរងការខូចខាត។ កងកម្លាំងប៉ូលិស បានប្រើប្រាស់​គ្រាប់កាំភ្លើងកៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាបក្រុមបាតុករ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ មនុស្សប្រហែលជាង១០០,០០០នាក់ ដែលជាអ្នកគាំទ្រគណបក្ស BNP និងគណបក្សប្រឆាំងធំមួយទៀតគឺ Jamaat-e-Islami បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាទាមទារ ឱ្យនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី ​Sheikh Hasina លាលែងពីតំណែង ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខ អាចប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ក្រោមរដ្ឋាភិបាលអព្យាក្រឹតមួយ។ បង់ក្លាដែសត្រូវរៀបចំ​ការបោះឆ្នោតសកល នៅមុនដំណាច់ខែមករា ឆ្នាំ២០២៤៕

រូបភាពពី Reuters