(ប៉េកាំង)៖ វេទិកាសន្តិសុខ-ការពារជាតិដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិន ហៅថា Beijing Xiangshan Forum បានចាប់ផ្តើមបើកធ្វើនាថ្ងៃអាទិត្យនេះ បន្ទាប់ពីមហាយក្សអាស៉ីមួយនេះ ទើបតែបានប្រកាសដកតំណែងរដ្ឋមន្រ្តីការពារជាតិ ដែលជាទូទៅទទួលបន្ទុកដើរតួនាទី​ជាម្ចាស់ផ្ទះរៀបចំវេទិកានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

ប្រទេសចិនសង្ឃឹមថា នឹងអាចប្រើប្រាស់វេទិកាខាងលើ ដើម្បីលើកកម្ពស់ចក្ខុវិស័យរបស់ប្រធានាធិបតីលោក ស៉ី ជីនពីង សម្រាប់ពិភពលោកមួយ ដែលសុខសាន្តជាងមុន ហើយទាក់ទាញក្រុមប្រទេសអភិវឌ្ឍន៍ ឱ្យកាន់តែខិតមកកៀក ស្របពេលដែលទីក្រុងប៉េកាំងកំពុងប្រឈមមុខ​ជាមួយ ការបង្កើនកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន​ ដែលមានគោលដៅព្យាយាមរាំងខ្ទប់​ មហិច្ឆតាយោធារបស់ខ្លួន។

វេទិកា Xiangshan ឆ្នាំនេះ ប្រព្រឹត្តទៅចំពេលមួយ ដែលចិនមិនមានរដ្ឋមន្រ្តីការពារជាតិ ខណៈតួនាទីចម្បងរបស់ប្រមុខការពារជាតិចិន គឺធ្វើទំនាក់ទំនងជាមួយយោធាប្រទេសដទៃ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងប៉េកាំងបានប្រកាសដកតំណែង រដ្ឋមន្រ្តីការពារជាតិ លោក Li Shangfu ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះបុគ្គលដែលត្រូវឡើងជំនួសឡើយ។ លោក Li បានបាត់មុខពីសាធារណៈអស់រយៈពេល​២ខែ ខណៈទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីខែកញ្ញាថា រូបលោកស្ថិតក្រោមការស៉ើបអង្កេតករណីពួករលួយ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំយោធាចិន ដែលមានឋានៈខ្ពស់ជាងរដ្ឋមន្រ្តីការពារជាតិទៅទៀតនោះ បានចេញមុខជំនួសលោក Li។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានរាយការណ៍ថា លោក Zhang Youxia និងលោក He Weidong ដែលស្ថិតនៅលំដាប់ទី២និងទី៣ ក្នុងជួរយោធាចិន បានបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្រ្តីការពារជាតិមកពីប្រទេសឡាវ ម៉ុងហ្គោលី និងវៀតណាម កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua ចំនួននិងកម្រិតនៃភ្ញៀវបរទេសចូលរួម ដែលរួមមានរដ្ឋមន្រ្តីការពារជាតិ២២រូប និងប្រមុខយោធា១៤រុប គឺខ្ពស់បំផុតនៅឆ្នាំនេះ គិតចាប់តាំងតែពីវេទិកា Xiangshan ត្រូវបានប្រារព្ធឡើងជាលើកដំបូង កាលពីឆ្នាំ២០០៦៕

រូបភាពពី Reuters