(មីនស្កិ៍)៖ នាចុងសប្តាហ៍នេះ ប្រធានាធិបតីបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា នៅតាមសមរភូមិជួរមុខនៃសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន កំពុងស្ថិតក្នុងសភាពទាល់ច្រក ដូច្នេះហើយភាគីទាំងសងខាង គួរតែអង្គុយចុះទល់មុខគ្នា ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះបង្ហូរឈាមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំបេឡារុស លោក Alexander Lukashenko បានលើកឡើងយ៉ាងដូច្នេះថា «ភាគីទាំងសងខាងសុទ្ធតែកំពុងប្រឈមមុខ ជាមួយបញ្ហាផ្សេងៗច្រើនគ្រប់គ្រាន់ដូចគ្នា ហើយស្ថានការណ៍សមរភូមិជារួម នាពេលឥឡូវនេះ គឺកំពុងតែស្ថិតក្នុងសភាពទាល់ច្រកខ្លាំង ពោលគឺហាក់មិនមានភាគីខាងណាមួយ អាចធ្វើសកម្មភាពអ្វីដែលអាចជួយពង្រឹង ឬក៏ពង្រីកខ្សែបន្ទាត់ទីតាំងរបស់ពួកគេ បាននោះទេ។ យើងចាំបាច់ត្រូវនាំគ្នាមកអង្គុយចុះនៅតុចរចា ហើយឈានឱ្យដល់កិច្ចព្រមព្រៀងមួយ»។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Lukashenko បានបើកដៃឱ្យលោក ពូទីន ប្រើប្រាស់ប្រទេសបេឡារុស ជាទីតាំងមួយដើម្បីបញ្ជូនកងទ័ពរុស្ស៉ីចូលទៅឈ្លានពានអ៊ុយក្រែន។

គួរបញ្ជាក់ថា យោងតាមសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយយោធាធំបំផុតរបស់ទីក្រុងកៀវ កងកម្លាំងរុស្ស៉ីក្នុងសប្តាហ៍នេះ បានបន្តខិតខំ​ព្យាយាមដើម្បីដណ្តើមកាន់កាប់ទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែន បើទោះជាបានបាត់បង់ទាហានច្រើនខ្លាំងក៏ដោយ។ ដោយឡែក ខ្សែបន្ទាត់សមរភូមិជួរមុខនៅអ៊ុយក្រែន គឺហាក់មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ក្នុងរយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ទោះ​ទីក្រុងកៀវបានបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ ក្រោមគោលដៅប៉ុនប៉ងដណ្តើមយកទឹកដី ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ត្រឡប់មកវិញក្តី៕

រូបភាពពី AFP