(វ៉ាស៉ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានសម្រេចចិត្តប្រកាសបិទបញ្ចប់យុទ្ធនាការស្វែងរកសំឡេងគាំទ្រ ដើម្បីឆ្ពោះទៅប្រជែងយកតំណែងប្រធានាធិបតី នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងព្រឹត្តិការណ៍សន្និសីទ Republican Jewish Coalition នៅទីក្រុង Las Vegas លោក Pence បានប្រកាសដូច្នេះថា «ក្រោយធ្វើដំណើរជុំវិញប្រទេស អស់រយៈពេល៦ខែចុងក្រោយ ខ្ញុំមកកាន់ទីនេះដើម្បីនិយាយថា ខ្ញុំបានយល់ច្បាស់ហើយ គឺ​ពេលវេលាសម្រាប់ខ្ញុំមិនទាន់មកដល់ទេ។ ក្រោយការពិចារណាយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តបិទបញ្ចប់យុទ្ធនាការឃោសនា ដើម្បីប្រជែងយក​តំណែងប្រធានាធិបតី ចាប់ពីថ្ងៃនេះទៅតែម្តង»

នាឱកាសនោះ លោក Pence មិនបានប្រកាសផ្តល់ការគាំទ្រដល់បេក្ខជនដទៃណាមួយឡើយ។ ការចាកចេញរបស់លោក Pence គឺជាការដកខ្លួនរបស់បេក្ខជនល្បីមួយរូប សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤។ លោក Pence រួមទាំង​គូប្រជែងរបស់លោកជាច្រើនទៀត ដែលព្យាយាមចង់ក្លាយជាបេក្ខជនតំណាងរបស់បក្សសាធារណរដ្ឋ សម្រាប់ការប្រកួតយកតំណែង​ប្រធានាធិបតីនៅឆ្នាំក្រោយ គឺមកទល់នឹងពេលនេះ ទទួលបានសំឡេងគាំទ្រតិចតួច បើធៀបទៅនឹងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងមានការគាំទ្រយ៉ាងលើសលប់។

លោក Pence គឺជាអតីតអនុប្រធានាធិបតីរបស់លោក ត្រាំ។ បន្ទាប់ពីលោក ដូណាល់ ត្រាំ បេក្ខជនបក្សសាធារណរដ្ឋដទៃទៀត ដែលហាក់មានសំឡេងគាំទ្រគួរសម គឺរួមមានអតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley និងអភិបាលរដ្ឋ Florida លោក Ron DeSantis។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតមួយចំនួនកាលពីពេលមុនៗ អតីតអនុប្រធានាធិបតីអាមេរិក ដែលបានប្រកួតប្រជែងដើម្បីក្លាយជា បេក្ខជន​​ទៅដណ្តើមយកតំណែងប្រធានាធិបតី ហើយទទួលបានជោគជ័យនោះ គឺរួមមានទាំងលោក George H W Bush នៃបក្សសាធារណរដ្ឋ នៅឆ្នាំ១៩៩៨ និងលោក Al Gore នៃបក្សប្រជាធិបតេយ្យ នៅឆ្នាំ២០០០។ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន ផ្ទាល់ ដែលមកពី​គណបក្សប្រជាធិបតេយ្យ គឺធ្លាប់កាន់តួនាទីជាអនុប្រធានាធិបតី របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា៕

រូបភាពពី AFP