(ហ៊្សេរុយសាឡិម)៖ កងកម្លាំងអ៉ីស្រាអែលបានពង្រីកការធ្វើសកម្មភាពតាមផ្លូវគោក ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ Gaza Strip នាថ្ងៃអាទិត្យនេះ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា សង្រ្គាមដែលមានគោលដៅកម្ចាត់ពួកហាម៉ាស និងបានប្រព្រឹត្តទៅអស់រយៈពេលប្រមាណជា៣សប្តាហ៍មកហើយ គឺបានឈានចូលដល់ដំណាក់កាលទី២ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក Netanyahu បាននិយាយថា សង្រ្គាមបានឈានដល់ដំណាល់កាលថ្មី ប៉ុន្តែមិនបានហៅការធ្វើសកម្មភាពតាមផ្លូវគោកបច្ចុប្បន្ន ដែលសម្រាប់ពេលនេះ គឺហាក់មានលក្ខណៈពុំសូវទូលំទូលាយប៉ុន្មានឡើយ ជាការបើកប្រតិបត្តិការឈ្លានពានចូលតំបន់ Gaza តែម្តងនោះទេ។
លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាដំណាក់កាលទី២ នៃសង្រ្គាមដែលមានគោលដៅយ៉ាងជាក់លាក់ នោះគឺកម្ទេចសមត្ថភាពនៃការគ្រប់គ្រង និងសមត្ថភាពយោធារបស់ពួកហាម៉ាស ហើយនាំយកចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ។ ពួកយើងកំពុងស្ថិតនៅចំណុចចាប់ផ្តើមនៅឡើយប៉ុណ្ណោះ។ យើងនឹងកម្ចាត់សត្រូវទាំងនៅលើផ្ទៃដី និងនៅក្រោមផ្ទៃដី»។
យោធាអ៉ីស្រាអែលបានឱ្យដឹងថា កងទ័ពនិងរថក្រោះត្រូវបានចល័តចូលតំបន់ Gaza កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ដោយផ្តោតសំខាន់លើ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស រួមមានទាំងបណ្តាញផ្លូវរូងក្រោមដីដ៏ខ្វាត់ខ្វែងរបស់ពួកគេ ប៉ុន្តែពុំមានការបញ្ជាក់អំពីទំហំនៃចំនួនកងទ័ពនិងរថក្រោះ ដែលត្រូវបានបញ្ជូនទៅនោះឡើយ។ រីឯកាលពីថ្ងៃសៅរ៍ យោធាអ៉ីស្រាអែលបានព្រមានថា តំបន់ទីក្រុង Gaza City ឥឡូវគឺជាទីតាំងសមរភូមិ ខណៈក្រុមហាម៉ាសបាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៉ីស្រាអែល នៅឯភាគខាងជើងនិងភាគកណ្តាលតំបន់ Gaza។
គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ Gaza បានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយថែមទាំងបញ្ជូនខ្មាន់កាំភ្លើងជាច្រើននាក់ ឱ្យឆ្លងពីតំបន់នេះ ចូលទៅធ្វើការវាយលុកយ៉ាងភ្ញាក់ផ្អើល លើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ បើតាមការអះអាងរបស់ក្រុមមន្រ្តីអ៉ីស្រាអែល ការឆ្មក់វាយលុកទ្រង់ទ្រាយធំនោះ បានសម្លាប់មនុស្សយ៉ាងហោចជាង១,៤០០នាក់ ដែលភាគច្រើនគឺជាជនស៉ីវិល ហើយមនុស្សជាង២០០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងយកទៅតំបន់ Gaza។ ចំណែកបើតាមអាជ្ញាធរតំបន់ Gaza វិញ មនុស្សលើស៨,០០០នាក់ហើយ ត្រូវបានសម្លាប់នៅទីនោះ ដោយសារការវាយប្រហារសងសឹក របស់អ៉ីស្រាអែល៕
រូបភាពពី AFP