(ហ្គាហ្សា)៖ តំបន់ Gaza ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងចេញពីពិភពខាងក្រៅនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីអ៉ីស្រាអែលពង្រីកប្រតិបត្តិការផ្លូវអាកសា និងជើងគោក ហើយកំពុងរៀបចំធ្វើសង្រ្គាមជើងប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលកំពុងគ្រប់គ្រងដែនដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

កាលពីព្រឹកថ្ងៃសៅរ៍ អ៉ីស្រាអែលបានអះអាងថា ទាហានរបស់ខ្លួនដែលបញ្ជូនទៅកាលពីយប់ថ្ងៃសុក្រ បន្តស្ថិតឯទីវាលមួយតែមិនបញ្ជាក់លម្អិត។ ប៉ុន្តែអ៉ីស្រាអែល នឹងអនុញ្ញាតឲ្យរថយន្តដឹកអាហារ ទឹក និងថ្នាំ ចូលទៅកាន់តំបន់ Gaza នៅថ្ងៃសៅរ៍នេះ ដោយថាការទម្លាក់គ្រាប់បែកអាចនឹងផ្អាកយ៉ាងហោចណាស់នៅតំបន់ព្រំដែនរបស់ខ្លួនជាមួយអេហ្ស៉ីប។

បណ្តាញទំនាក់ទំនងក្នុងតំបន់ Gaza បានដាច់ស្ទើរតែទាំងស្រុងដោយគ្មានសេវាអ៉ីនធឺណេត និងទូរស័ព្ទអស់រយៈពេលជាង ១២ម៉ោងហើយគិតត្រឹមព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននិយាយថា អ៉ីស្រាអែល ជាអ្នកកាត់ផ្តាច់បណ្តាញទំនាក់ទំនង។ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ការដាច់ចរន្តអគ្គិសនីធ្វើឲ្យរថយន្តសង្គ្រោះបន្ទាន់មិនអាចទៅយកអ្នករបួសនៅតំបន់ Gaza បាន។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលនៅតំបន់ Gaza ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧,៧០៣នាក់ហើយ ខណៈ ១៩,៧៣៤នាក់ផ្សេងទៀតរងរបួស ក្នុងការសងសឹករបស់អ៉ីស្រាអែល ចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានវាយប្រហារលើអ៉ីស្រាអែលសម្លាប់ប្រជាជនចំនួន ១,៤០០នាក់ដែលភាគច្រើនជាជនស៉ីវិល និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ទៀត កាលពីថ្ងៃទី៧ ខែតុលា៕