(ដាកា)៖ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូទៅកាន់ក្រុមអ្នកគាំទ្របក្សប្រឆាំង នៅថ្ងៃសៅរ៍នេះ ដើម្បីបំបែកការតវ៉ាដ៏ធំមួយដើម្បីប្រឆាំងនឹងនាយករដ្ឋមន្ត្រីបង់ក្លាដែស ដោយមន្រ្តីម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការប៉ះទង្គិចគ្នាជាច្រើនម៉ោងនៅចំកណ្តាលរដ្ឋធានីដាកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០២៣។

អ្នកគាំទ្រជាង ១០០,០០០នាក់នៃគណបក្សប្រឆាំងធំចំនួន ២ ក្នុងប្រទេសបង់ក្លាដែសបានប្រមូលផ្តុំគ្នា ដើម្បីទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ចុះចេញពីតំណែង ហើយអនុញ្ញាតឲ្យមានការបោះឆ្នោតឡើងវិញ។

ការប៉ះទង្គិចគ្នាចាប់ផ្តើមពីមុខព្រះវិហារកាតូលិកដ៏ធំបំផុតមួយរបស់ទីក្រុងដាកា នៅពេលដែលក្រុមអ្នកគាំទ្របក្សប្រឆាំងចលាចលវាយគ្នាដោយដំបង ហើយត្រូវបានគេចោទប្រកាន់ថាបានដុតរថយន្តក្រុង និងប៉ុស្តិ៍ប៉ូលិស។ អ្នកនាំពាក្យប៉ូលិសក្រុងដាកា លោក Faruk Hossain បានប្រាប់ AFP ថាមន្ត្រីម្នាក់ត្រូវបានសម្លាប់ និងជាង ១០០នាក់រងរបួស។

គួរបញ្ជាក់ថា លោកស្រី Hasina ដែលជាកូនស្រីរបស់អតីតមេដឹកនាំ និងជាស្ថាបនិករបស់ប្រទេសបង់ក្លាដែស បានកាន់អំណាចអស់រយៈពេល ១៥ឆ្នាំ និងបានធ្វើឲ្យប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែក្រោយពេលអតិផរណាកើនឡើង រដ្ឋាភិបាលរបស់លោកស្រីត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការរំលោភសិទ្ធិមនុស្ស៕

រូបភាពពី AFP