(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ បានអះអាងពីការរារាំងមីស៉ីលដែលបាញ់ចេញពីលីបង់ទៅលើយន្តហោះដ្រូនរបស់ខ្លួន ខណៈអាជ្ញាធរលីបង់ឯណោះវិញបានចេញការណែនាំជាមុនអំពីការជម្លៀសណាមួយចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានី Beirut ចំពោះមុខការកើនឡើងនូវភាពតានតឹងនៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

កងទ័ពអ៉ីស្រាអែល និងក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់នៅលីបង់បានបាញ់ប្រហារគ្នាជារៀងរាល់ថ្ងៃ ចាប់តាំងពីផ្ទុះជម្លោះនៅតំបន់ Gaza កាលពី ៣សប្តាហ៍មុន ដែលជាភាពវឹកវរធំបំផុតមិនធ្លាប់មាននៅតាមព្រំដែនលីបង់-អ៉ីស្រាអែល គិតចាប់តាំងពីភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមកាលពីឆ្នាំ២០០៦។

ជាមួយនិងភាពតានតឹងកើនឡើងម្តងទៀត អាជ្ញាធរលីបង់បានចេញសេចក្តីណែនាំសម្រាប់ការជម្លៀសចេញពីអាកាសយានដ្ឋានបេរូត និងទីតាំងជុំវិញក្នុងករណីមានអាសន្នកើតឡើង ប៉ុន្តែ​​មិន​បាន​បង្ហាញ​ថា​មាន​ការ​គំរាម​កំហែង​ណាមួយ​នោះទេ។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បង្កឲ្យមានការភ័យខ្លាចថា ការប្រយុទ្ធគ្នាអាចរាលដាលកាន់តែធំនៅក្នុងតំបន់ រួមទាំងនៅចំណុចប្រសព្វព្រំដែនលីបង់ផងដែរ៕

រូបភាពពី AFP