(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក កាលពីថ្ងៃសុក្រ ទី២៧ ខែតុលានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិក និងចិន បានឯកភាពគ្នា លើការធ្វើការជាមួយគ្នា ឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជិនពីង នៅខែវិច្ឆិកា ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការឯកភាពគ្នាខាងលើបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំជាច្រើនម៉ោងរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងមន្ត្រីកំពូលៗ របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន។ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសចិន នៅទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ២០១៨មក លោក វ៉ាង យី ក៏បានជួបពិភាក្សារយៈពេលមួយម៉ោងជាមួយលោកប្រធានាធិបតី ចូ បៃដិនផងដែរ ដែលជាជំនួបមួយត្រូវបានសេតវិមានចាត់ទុកជាឱកាសល្អក្នុង ការរក្សាទំនាក់ទំនងឱ្យបើកចំហរវាងមហាអំណាចទាំង២។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan សុទ្ធតែបានលើកឡើងពីបញ្ហាសំខាន់ៗដូចជា ការស្ដារបណ្ដាញទំនាក់ទំនងយោធាឡើងវិញ សកម្មភាពរបស់ចិនក្នុងតំបន់សមុទ្រ ចិនខាងត្បូង និងខាងកើត តៃវ៉ាន់ សិទ្ធិមនុស្ស និងបញ្ហាគ្រឿងញៀនជាដើម។

លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានជួបគ្នាលើកចុងក្រោយបំផុត នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកដែរ មេដឹកនាំទាំង២នេះមិនដែលមានកិច្ចសន្ទនាជាមួយនឹងគ្នាឡើយ។ តាមរយៈទស្សនកិច្ច របស់លោក វ៉ាង យី លោក បៃដិន និងលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថាអាចនឹងជួបគ្នា នៅឯកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC រៀបចំឡើងក្នុងទីក្រុង​ San Francisco នៅខែវិច្ឆិកាខាងមុខ៕

រូបភាពពី Reuters