(តែល អាវីវ)៖ យន្ដហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារលើគោលដៅរូងក្រោមដីចំនួន ១៥០ទីតាំង នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ខណៈកងទ័ពថ្មើរជើងកំពុងពង្រីកប្រតិបត្តិការជើងគោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងមួយ នៅថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល បានឱ្យបញ្ជាក់ថាទីតាំងដែលជាគោលដៅវាយប្រហារ ក្នុងនោះរួមមានទាំងរូងក្រោមដី សម្រាប់ការប្រយុទ្ធ និងហេដ្ឋារចនាសម្ព័ន្ធរូងក្រោមដី ហើយក្រុមអ្នកប្រយុទ្ធហាម៉ាសជាច្រើននាក់ត្រូវបានសម្លាប់។ ជាមួយគ្នានោះដែរ អ្នកយកព័ត៌មាន AFP ក្នុងតំបន់ហ្កាហ្សា និងភាគខាងត្បូងអ៉ីស្រាអែល បានរាយការណ៍ថាការបាញ់ផ្លោង និងការវាយប្រហារតាមផ្លូវអាកាស នៅតែបន្តធ្វើឡើង នៅថ្ងៃសៅរ៍នេះ បើទោះជាមិនមានសន្ទុះខ្លាំងដូចកាលពីថ្ងៃសុក្រក៏ដោយ។

បន្ថែមពីលើនេះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ យោធាអ៉ីស្រាអែលបានអះអាងថាការវាយប្រហាររបស់ខ្លួន បានសម្លាប់ប្រមុខដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមហាម៉ាសមានឈ្មោះថា អាសឹម អាប៊ូ រ៉ាកាបា (Asem Abu Rakaba) ដែលត្រូវបានជឿជាក់ថាបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ខាងអ៉ីស្រាអែលបានបញ្ជាក់ថាមនុស្ស ១,៤០០នាក់ក្នុងនោះភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ខណៈក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ឱ្យដឹងថាមនុស្សច្រើនជាង ៧,៣០០នាក់ ភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល៕

រូបភាពពី AFP