(អាល់ម៉ាទី)៖ ក្រុមហ៊ុនផលិតដែក ArcelorMittal Temirtau បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៨ ខែតុលានេះថាមនុស្សយ៉ាងហោច ១៦បានស្លាប់ ក្នុង ហេតុការណ៍អគ្គិភ័យឆាបឆេះអណ្ដូងរ៉ែមួយរបស់ខ្លួន នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមក្រុមហ៊ុន ArcelorMittal Temirtau ដែលមានមូលដ្ឋានក្នុងប្រទេស Luxembourg មនុស្ស ១៨នាក់ កំពុងត្រូវការការជួយសង្រ្គោះផ្នែកវេជ្ជសាស្ត្រ ហើយក្នុងចំណោមមនុស្ស ២៥២នាក់ នៅឯអណ្ដូងរ៉ែ Kostenko មាន ២០៥នាក់ត្រូវបានជម្លៀស និង៣១នាក់ មិនទាន់ដឹងថាកំពុងស្ថិតនៅទីណា គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុនៃអគ្គិភ័យនៅឯអណ្ដូងរ៉ែខាងលើនៅឡើយទេ ប៉ុន្តែប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ដែលបានសម្ដែងមរណទុក្ខជាមួយគ្រួសារជនរងគ្រោះ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោកបញ្ឈប់កិច្ចសហប្រតិបត្តិការវិនិយោគ ជាមួយក្រុមហ៊ុន ArcelorMittal Temirtau៕
រូបភាពពី Reuters