(បាកដាដ)៖ កងកម្លាំងអាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធមួយគ្រឿង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅក្បែរមូលដ្ឋានទ័ពមួយ ជាទីដែលកងទ័ព របស់ខ្លួនកំពុងឈរជើងនៅភាគខាងលិចប្រទេសអ៉ីរ៉ាក់។ នេះបើតាមមន្ត្រីយោធាអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

ការប៉ុនប៉ងវាយប្រហារដោយយន្ដហោះដ្រូននេះ កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើមូលដ្ឋានយោធា ២កន្លែង ស្ថិតនៅភាគខាងកើត ប្រទេសស៊ីរី និងដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនចោទថាជា អ្នកនៅពីក្រោយការវាយប្រហារលើកងទ័ពអាមេរិកក្នុងតំបន់កាលពីពេលថ្មីៗនេះ។

មន្ត្រីយោធាអាមេរិកម្នាក់ បានគូសបញ្ជាក់ប្រាប់ AFP ដូច្នេះថា «កងកម្លាំងអាមេរិកបានប្រទះឃើញយន្ដហោះដ្រូនប្រយុទ្ធស្ថិតនៅចម្ងាយ ប៉ុន្មានគីឡូម៉ែត្រ ប៉ុណ្ណោះពីមូលដ្ឋានទ័ពអាកាសអាល់អាសាដ (Al-Assad) ក្នុងប្រទេសអ៉ីរ៉ាក់ និងបានបាញ់ទម្លាក់យន្ដហោះដ្រូននេះដោយជោគជ័យ ដោយមិនបង្កគ្រោះថ្នាក់អ្វីឡើយ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានកងទ័ពជិត ២,៥០០នាក់ កំពុងឈរជើងនៅអ៉ីរ៉ាក់ និងជាង ៩០០នាក់ឈរជើងនៅស៊ីរី។ កងទ័ពអាមេរិក បានរងការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក៕