(បាងកក)៖ គណបក្សកាន់អំណាចនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២៧ ខែតុលានេះបានបោះឆ្នោតជ្រើសតាំងកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ជាមេដឹកនាំថ្មីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាង Paetongtarn Shinawatra ជាកូនស្រីពៅរបស់លោក Thaksin ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាមេដឹកនាំគណបក្សភឿថៃ ដោយមិនមាន អ្នកផ្សេងឈរឈ្មោះប្រជែងនោះទេ ២ឆ្នាំបន្ទាប់ពីអ្នកនាងចូលប្រឡូកក្នុងនយោបាយ។ ថ្លែងនៅចំពោះមុខសមាជិកគណបក្សភឿថៃ អ្នកនាង Paetongtarn បានគូសបញ្ជាក់ ដូច្នេះថា «រដ្ឋបាលថ្មីរបស់គណបក្សភឿថៃ ត្រូវតែអភិវឌ្ឍខ្លួនឯង ដើម្បីដឹកនាំគណបក្សក្លាយទៅជាគណបក្សលេខ១ សម្រាប់ប្រជាជន សាជាថ្មី»

គួរបញ្ជាក់ថា អ្នកនាង Paetongtarn Shinawatra មានអាយុ ៣៧ឆ្នាំ ទទួលបានសំឡេងគាំទ្រ ២៨៩ ដោយមានមួយសំឡេងអនុប្បវាទ អំឡុងការបោះឆ្នោតមួយរបស់គណបក្សភឿថៃ កាលពីថ្ងៃសុក្រ។ ចំណែក លោក Thaksin បច្ចុប្បន្នកំពុងជាប់ឃុំ បន្ទាប់ពីលោកបានវិលត្រឡប់ចូល ប្រទេសថៃវិញកាលពីខែសីហាកន្លងទៅនេះ៕

រូបភាពពី AFP