(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកមិនមែនកំពុងព្យាយាម «គូសបន្ទាត់ក្រហម» សម្រាប់អ៉ីស្រាអែលនោះទេ ខណៈកងទ័ពអ៉ីស្រាអែល បានពង្រីកប្រតិបត្តិការយោធារបស់ពួកគេប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

ការពង្រីកប្រតិបត្តិការយោធារបស់អ៉ីស្រាអែល កើតមានឡើងចំពេលសហរដ្ឋអាមេរិក កំពុងព្យាយាមរៀបចំឱ្យមានការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសម្រួលដល់ការបញ្ជូនឥន្ធនៈ និងជំនួយទៅកាន់ប្រជាជនស៊ីវិលក្នុងតំបន់ហ្កាហ្សា។ ម្យ៉ាងវិញទៀត គេក៏មិនទាន់ដឹងនៅឡើយដែរថាតើការពង្រីក ប្រតិបត្តិការយោធាតាមជើងគោករបស់អ៉ីស្រាអែល នឹងបង្កផលប៉ះពាល់យ៉ាងដូចម្ដេចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់នោះដែរ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយពាក់ព័ន្ធនឹងការពង្រីកប្រតិបត្តិការយោធារបស់អ៉ីស្រាអែល។ ប៉ុន្តែ នៅតែបញ្ជាក់ដដែលថាសហរដ្ឋអាមេរិក គាំទ្រសិទ្ធិស្វ័យការពារខ្លួនរបស់អ៉ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ហាម៉ាស សម្លាប់មនុស្ស ១,៤០០នាក់ នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាមក។ «យើងមិនមែនកំពុងគូសបន្ទាត់ក្រហមសម្រាប់អ៉ីស្រាអែលនោះទេ»។ នេះជាការបញ្ជាក់ពី លោក John Kirby។

គួរបញ្ជាក់ថា បើតាមលោក John Kirby សហរដ្ឋអាមេរិក បានបន្តពិភាក្សាជាមួយអ៉ីស្រាអែលអំពីគោលដៅនៃប្រតិបត្តិការយោធា និងភាពចាំបាច់ក្នុងការការពារ ជនស៊ីវិលក្នុងតំបន់ហ្កាហ្សា និងការរំដោះចំណាប់ខ្មាំង ខណៈមនុស្សយ៉ាងហោច ៧,៣២៦នាក់ហើយត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកសងសឹក ពីសំណាក់អ៉ីស្រាអែល លើតំបន់ហ្កាហ្សាគ្រប់គ្រងដោយហាម៉ាស៕

រូបភាពពី Reuters