(Lewiston, សហរដ្ឋអាមេរិក)៖ ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស ១៨នាក់ និង១៣នាក់ផ្សេងទៀតរងរបួស ក្នុងទីក្រុង Lewiston នៃរដ្ឋ Maine សហរដ្ឋអាមេរិក ត្រូវបានប្រទះឃើញស្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន) ដែលនេះជាការបិទបញ្ចប់ការតាមប្រមាញ់ រយៈពេល៤៨ម៉ោងមកនេះរបស់ប៉ូលិស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

ប៉ូលិសអាមេរិកមិនបានបញ្ជាក់ថាតើជនសង្ស័យស្លាប់ដោយសារអ្វីឱ្យប្រាកដនោះទេ ដោយគ្រាន់តែឱ្យដឹងថានឹងធ្វើសន្និសីទសារព័ត៌មាននៅពេលក្រោយ។ ប៉ុន្តែ ទូរទស្សន៍ ABC News ដោយផ្អែកលើការស្រង់សម្ដីពីប៉ូលិស បានរាយការណ៍ថាជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Robert R. Card មានអាយុ៤០ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់ដោយមានស្នាមរងរបួសដោយសារគ្រាប់កាំភ្លើង។ សាកសពជនសង្ស័យរូបនេះត្រូវបានរកឃើញនៅក្នុងព្រៃមួយកន្លែង ស្ថិតនៅ ចម្ងាយប្រហែល ១២គីឡូម៉ែត្រពីទីក្រុង Lewiston។

គួរបញ្ជាក់ថា ការតាមប្រមាញ់តាមចាប់ខ្លួនបុរសឈ្មោះ Robert R. Card ខាងលើ ត្រូវបានធ្វើឡើង ក្រោយមនុស្ស ១៨នាក់ត្រូវបានសម្លាប់ និង១៣នាក់ ផ្សេងទៀតរងរបួស នៅក្នុងការបាញ់ប្រហារ ក្នុងទីក្រុង Lewiston នៃរដ្ឋ Maine កាលពីយប់ថ្ងៃពុធកន្លងទៅនេះ។ យោងតាមអង្គការ Gun Violence Archive នៅក្នុងឆ្នាំ២០២៣នេះ សហរដ្ឋអាមេរិក បានកត់ត្រាករណីបាញ់ប្រហារទ្រង់ទ្រាយធំ ដែលមានមនុស្សចាប់ពី៤នាក់ឡើងទៅ ស្លាប់ឬរបួស លើសពី៥០០ករណី៕

រូបភាពពី Reuters