(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅឯសេតវិមាន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង នៅសហរដ្ឋអាមេរិក ខណៈមហាអំណាចទាំង២កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

លោក បៃដិន បានអញ្ជើញលោក ស៊ី ជិនពីង ចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC រៀបចំឡើងក្នុងទីក្រុង​ San Francisco នៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក បៃដិន នៅតែប្រកាន់ជំហរតឹងរ៉ឹងក្នុងការរក្សាការដាក់ទណ្ឌកម្មលើចិន និងគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនក្នុង ជម្លោះជាមួយទីក្រុងប៉េកាំង។

តាមសេតវិមាន ក្នុងជំនួបកាលពីថ្ងៃសុក្រ លោក បៃដិន បានប្រាប់លោក វ៉ាង យី ថាទីក្រុងវ៉ាស៊ីនតោ​ន និងទីក្រុងប៉េកាំងត្រូវតែគ្រប់គ្រងការប្រកួតប្រជែង នៅក្នុងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ និងរក្សាការបើកចំហបណ្ដាញទំនាក់ទំនង។ មិនតែប៉ុណ្ណោះ ខណសង្រ្គាមហារវាងអ៉ីស្រាអែល និងហាម៉ាស កាន់តែឡើងកម្ដៅក្នុងតំបន់មជ្ឈិមបូព៌ា លោក បៃដិន ក៏បានសង្កត់ធ្ងន់ដែរថាសហរដ្ឋអាមេរិក និងចិន ត្រូវតែធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយ។ លោក វ៉ាង យី បានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសហរដ្ឋអាមេរិក និងបានជួបមន្ត្រីកំពូលៗ របស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan។

គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានជួបគ្នាលើកចុងក្រោយបំផុត នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេស ឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកដែរ មេដឹកនាំទាំង២នេះមិនដែលមានកិច្ចសន្ទនាជាមួយនឹងគ្នាឡើយ៕

រូបភាពពី Reuters