(ឡុងដ៍)៖ សមាជិកសភាអភិរក្សនិយមនៅចក្រភពអង់គ្លេស ដែលបានធ្លាប់បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា មេដឹកនាំលោកខាងលិចអាចប្រឈមមុខនឹងការកាត់ទោស ចំពោះការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែលនោះ ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភសេពសន្ថវៈ និងការកាន់កាប់គ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
លោក Crispin Blunt ដែលជាសមាជិកសភាអភិរក្សនិយម និងជាសហនាយកនៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់យុត្តិធម៌ប៉ាឡេស្ទីន បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនង X ថា លោកត្រូវបានចាប់ខ្លួន បន្ទាប់ពីមានរបាយការណ៍ថាអ្នកនយោបាយម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ។
លោក Blunt បានសរសេរយ៉ាងដូច្នេះថា «មានសេចក្តីរាយការណ៍មកថា សមាជិកសភាម្នាក់ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ ខ្ញុំសូមបញ្ជាក់ថា សមាជិកសភាម្នាក់នោះគឺជាខ្ញុំ»។
បុរសអាយុ ៦៣ ឆ្នាំរូបនេះបានបន្ថែមថា «ការចាប់ខ្លួនគឺមិនសំខាន់ទេ ព្រោះខ្ញុំនៅតែត្រៀមខ្លួនជាស្រេចក្នុងការសហការពេញលេញ ជាមួយនឹងការស៊ើបអង្កេតដែលខ្ញុំជឿជាក់ថា នឹងបញ្ចប់ដោយគ្មានការចោទប្រកាន់។ ខ្ញុំមិនមានបំណងនិយាយអ្វីបន្ថែមលើបញ្ហានេះទេ រហូតទាល់តែអាជ្ញាធរប៉ូលីសបានបញ្ចប់ការសាកសួររបស់ពួកគេ»។
គួរបញ្ជាក់ថា លោក Crispin Blunt បានវាយប្រហារខ្លាំងៗលើសមាជិករដ្ឋាភិបាលអង់គ្លេស ចំពោះការគាំំទ្រអ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហម៉ាស ដោយបានលើកឡើងថា រដ្ឋាភិបាលអង់គ្លេសអាចនឹងជាក់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើពួកគេនៅតែបន្តគាំទ្រសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប៕
រូបភាពពី AFP