(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានធ្វើសកម្មភាពយោធារបស់ខ្លួនវាយប្រហារតាមផ្លូវអាកាសដាក់មក លើទីតាំងសកម្មជនអ៊ីស្លាមក្នុងប្រទេសស៊ីរី។ នេះជាការធ្វើសកម្មភាពយោធាដំបូងមួយរបស់ សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាសាឡើងវិញក្នុងពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាសកំពុងតែបារម្ភភាពរីករាលដាលកាន់តែធំចូលក្នុងតំបន់។ សហរដ្ឋអាមេរិកបានថ្លែងថា ការវាយប្រហារតាមផ្លូវអាកាសនាព្រឹកថ្ងៃសុក្រទី២៧តុលាឆ្នាំ២០២៣ដាក់លើទីតាំងក្រុម សកម្មជនឥស្លាមប្រដាប់អាវុធក្នុងប្រទេសស៊ិរីនេះ គឺជាសារព្រមានមួយទៅដល់ប្រទេសអ៊ី រ៉ង់ ដែលគេចោទថាជាប្រទេស នៃចន្ទល់គាំទ្រក្រុមប្រដាប់អាវុធឥស្លាមក្នុងតំបន់មជ្ឈិមបូព៌ានេះ។

ក្រសួងការពារជាតិអាមេរិកបាននិយាយថា ការវាយប្រហារតាមអាកាសដាក់លើទីតាំងដែល ប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមនិងក្រុមតំណាងរបស់ពួកគេនោះ គឺជាការសងសឹក ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងដ្រូនរបស់ពួកគេដែលថ្មីៗកន្លងមកនេះ បានវាយប្រហារដាក់លើកងកម្លាំងអាមេរិក។

សហរដ្ឋអាមេរិក បានប្រញាប់ដាក់ពង្រាយកម្លាំងរបស់ខ្លួនចូលមកក្នុងតំបន់មជ្ឈិមបូព៌ាវិញ ខណៈសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន កាន់តែរីករាលដាលធំជាពិសេស ក្រុមសកម្មជនប្រយុទ្ធឥស្លាមដែលសហរដ្ឋអាមេរិកបានចោទថា ជាក្រុមគាំទ្រដោយអ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារដាក់លើទីតាំងទាហានអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។

អ៊ីរ៉ង់គឺជាប្រទេសមួយដែលសហរដ្ឋអាមេរិកចាត់ទុកជាជាប្រភពនៃចន្ទល់គាំទ្រដល់ក្រុម សកម្មជនឥស្លាមនានាដូចជាក្រុមហេសបូឡា ក្រុមហាម៉ាស់ ក្រុមជីហាត និងក្រុមឆ្មាំបដិ វត្តន៍ឥស្លាមជាដើម។

ប្រទេសអ៊ីរ៉ង់តែងបដិសេធជុំវិញការចោទប្រកាន់របស់សហរដ្ឋអាមេរិកជុំវិញការធ្វើសកម្មភាព របស់ក្រុមសកម្មជនឥស្លាមនានា ដែលបានវាយប្រហារដាក់លើបណ្តាទីតាំងសហរដ្ឋអាមេរិក នាពេលថ្មីៗកន្លងមកនេះ។

ប្រទេសអ៊ីរ៉ង់ទោះជាយ៉ាងណាក៏ដោយបានចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលដាក់លើតំបន់ Gaza ដែលខ្ទប់ច្រកបិទជិត និង ដែលធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនបានស្លាប់និងរបួសជារៀងរាល់ថ្ងៃ គឺមិនខុសគ្នានឹងអំពើសម្លាប់រង្គាលឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាប់ ដូឡាហៀន Hossein Amirabdollahean បានថ្លែងចាត់ទុកសកម្មភាពរបស់អ៊ី ស្រា អែល ដែលបានធ្វើនៅក្នុងតំបន់ ហ្គាហ្សានោះ វាគួរឱ្យស្អប់ខ្ពើមជាងពួកក្រុមភេរវករ ISISនោះ ទៅទៀត។

ការវាយប្រហារ២កន្លែងតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកងឆ្មាំបដិវត្តន៍ឥ ស្លាមរបស់អ៊ីរ៉ង់ នាភាគខាងកើតប្រទេសស៊ីរី បានធ្វើនៅព្រឹកថ្ងៃសុក្រទី២៧តុលាឆ្នាំ២០២៣។

មន្ត្រីអាមេរិកបាននិយាយថាការវាយប្រហារនៅថ្ងៃសុក្រទី២៧តុលា គឺជាសញ្ញាបញ្ជួន ទៅ ប្រទេសអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការវាយប្រហារនានា ដែលរដ្ឋបាល លោក ចូ បៃដិន បានចោទថា ជាប់ពាក់ព័ន្ធនឹងការបញ្ជាទាំងអស់របស់អ៊ីរ៉ង់ទាំងក្នុងប្រទេសស៊ីរី និងក្នុងប្រទេសអ៊ីរ៉ាក់។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ការវាយប្រហារការពារខ្លួនរបស់អាមេរិកទាំងនេះ គឺជាការឆ្លើយតបទៅនឹងការ អំពើរបស់សកម្មជនឥស្លាមគាំទ្រអ៊ីរ៉ង់ដែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់និងភាគច្រើន មិនបានជោគជ័យដាក់លើបុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី»

លោក Austin បាននិយាយបញ្ជាក់ទៀតថា «សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះ ហើយគ្មានចេតនា ឬមានបំណងចង់ធ្វើអរិភាពបន្ថែមទៀតនោះទេ ប៉ុន្តែការវាយប្រហាររបស់ពួកដែល គាំទ្រដោយអ៊ីរ៉ង់ទាំងនេះប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក គឺគេមិនអាចទទួលយកបាន ហើយការវាយប្រហាររបស់ក្រុមទាំងនោះ គឺត្រូវតែបញ្ឈប់” ។
ចាប់តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលានោះមក, ក្តីបារម្ភនៃការរាលដាលសង្គ្រាមដល់ប្រទេសជិតខាងក្នុងតំបន់ បាន លេចចេញជារូបរាងបន្តិចម្តងៗនិងជាក់ស្តែងបានរាលដល់មកប្រទេសលីបង់ ស៊ីរី និងអ៊ីរ៉ាក់ ពិតប្រាកដមែន។

សហរដ្ឋអាមេរិកដែលបារម្ភនឹងព្រឹត្តិការណ៍សង្គ្រាមកាន់តែរាលដាលនេះ បានដាក់ពង្រាយ នាវាផ្ទុកយន្តហោះពីរគ្រឿងរបស់ខ្លួនទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតក្បែរប្រទេសអ៊ីស្រាអែល និងយន្តហោះចម្បាំងរាប់សិបគ្រឿងបន្ថែមទៀតទៅកាន់តំបន់ឈូងសមុទ្រពែរ្ស ក្នុងការទប់ស្កាត់និងរារាំងប្រទេសអ៊ីរ៉ង់និងក្រុមសកម្មជនប្រយុទ្ធឥស្លាមនៅក្នុងប្រទេសលីបង់ ស៊ីរីនិងអ៊ីរ៉ាក់ ដើម្បីមិនឱ្យពួកគេចូលធ្វើអន្តរាគមន៍ក្នុងសង្គ្រាម ដែលនឹងបង្កការរាលកាន់តែធំទៀតនោះឡើយ។

សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធអាវុធមីស៊ីល Patriot និង ប្រព័ន្ធ អាវុធការការពារដែនអាកាសផ្សេងៗជាច្រើនទៀតទៅកាន់ប្រទេសនៅឈូងសមុទ្ទពែក្ស
ដើម្បីការពារកងទ័ពនិងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់នោះ។

ប៉ុន្តែដោយសារតែការវាយប្រហារស្ទើររៀងរាល់ថ្ងៃរបស់ក្រុមសកម្មជនឥស្លាមដាក់លើទីតាំង អាមេរិកដែលក្នុងរយៈពេល១០ថ្ងៃកន្លងមក មានយ៉ាងហោចចំនួន១៦ដងទៅហើយនោះ, សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថាបានបង្ខំចិត្តធ្វើការវាយប្រហារតាមផ្លូវអាកាសទាំងនេះតប តដាក់ទៅវិញ។ 

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់សហរដ្ឋអាមេរិកត្រូវគេសង្ស័យថា ទំនងចង់បង្កើតរណសិរ្សថ្មីផ្សេងមួយដើម្បីបញ្ចៀសទំនាស់ដែលកំពុងកើតឡើងរវាង ក្រុមហា ម៉ាសនិងប៉ាឡេស្ទីន។

ប៉ុន្តែលោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បាននិយាយបញ្ជាក់តបមកវិញថាការ វាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកក្នុងទ្រង់ទ្រាយតូចបែបនេះ គឺគ្រាន់ជាការការពារខ្លួន ហើយមានបំណងតែមួយគត់គឺដើម្បីការពារបុគ្គលិករបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាការវាយប្រហារនេះ មានភាពខុសគ្នាពីជម្លោះដែលកំពុងមាន រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស និងក៏មិនមែនជាការផ្លាស់ប្តូរវិធីនៃទំនាស់កើតឡើងរវាង អ៊ីស្រាអែលនិងក្រុមហាម៉ាសនោះឡើយ។

លោក Austin បាននិយាយថា អ៊ីរ៉ង់ចង់លាក់ដៃរបស់ខ្លួន និងបដិសេធការមិនទទួលខុសត្រូវ របស់ខ្លួនក្នុងការវាយប្រហាររបស់ក្រុមសកម្មជនឥស្លាមទាំងនេះដាក់មកលើកងកម្លាំងរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានព្រមានថា «យើងនឹងមិនអនុញ្ញាត ឱ្យពួកគេរួចខ្លួនទេ»។ លោកបន្តថា « ប្រសិនបើការវាយប្រហារដោយក្រុមសកម្មជនរបស់អ៊ី រ៉ង់ទាំងនោះបន្តប្រឆាំងនឹងកងកម្លាំងអាមេរិក យើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការ ចាំបាច់បន្ថែមទៀតដើម្បីការពារប្រជាជនរបស់យើងឡើយ»

ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងសំណួរមួយ ដែលគេបានសួរកាលពីថ្ងៃពុធទី២៥ តុលាអំពីការវាយប្រហារដោយដ្រូនរប​ស់សត្រូវដាក់មកលើបុគ្គលិកយោធាអាមេរិកនៅក្នុង ប្រទេសអ៊ីរ៉ាក់និងស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងនេះ, លោកបាននិយាយព្រមានអ៊ីរ៉ង់ថា «ប្រសិនបើពួកគេបន្តធ្វើចលនាប្រឆាំងនឹងកងទ័ពអាមេរិកទាំងនោះទៀត យើងនឹងឆ្លើយតបទៅវិញ»។ ហើយសហរដ្ឋអាមេរិកបានឆ្លើយតបមែនតាមរយៈការវាយប្រហារផ្លូវអាកាសដាក់ លើទឹកដីស៊ីរី។

សកម្មភាពវាយប្រហាររបស់សហរដ្ឋអាមេរិកនាព្រឹកព្រលឹមថ្ងៃសុក្រទី២៧តុលាដាក់លើទីតាំងក្រុមសកម្មជនឥស្លាមទាំងនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារ ជាតិអាមេរិកបានប្រកាសថា បុគ្គលិកយោធាអាមេរិកចំនួន១៩រូបក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីបានរងរបួសក្នុងខួរក្បាល Traumatic Brain Injuries បន្ទាប់ពីមានការវាយប្រហារគ្រាប់រ៉ុក្កែត និងដ្រូនពីក្រុមសកម្មជនឥស្លាមកាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិអាមេរិកបានថ្លែងមុននេះថាមានបុគ្គលិកអាមេរិក២១នាក់បានរងរបួសតិចតួច និងថាពួកគេបានវិលត្រឡប់ចូលធ្វើការវិញហើយក្រោយមានអំពើវាយប្រហារថ្ងៃទី១៧និង ១៨តុលានៅមូលដ្ឋានទ័ពអាកាស Al Asad នាភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងនៅបន្ទាយ Al-Tanf នាភាគខាងត្បូងប្រទេសស៊ីរី។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Patrick S. Ryder បានថ្លែង ក្នុងសប្តាហ៍ថាតាំងពីថ្ងៃទី១៧តុលានោះមក, ក្រុមសកម្មជនឥស្លាមគាំទ្រដោយអ៊ីរ៉ង់បានបាញ់ គ្រាប់រ៉ុក្កែតនិងដ្រូនដាក់លើកងទ័ពអាមេរិកចំនួន១២ដងក្នុងប្រទេសអ៊ីរ៉ាក់, និងបាញ់យ៉ាង ហោច៤ដងដាក់លើទីតាំងបុគ្គលិកយោធាអាមេរិកក្នុងប្រទេសស៊ិរី។ គួរបញ្ជាក់ថានៅក្នុងប្រទេសអ៊ីរ៉ាក់ មានបុគ្គលិកយោធាអាមេរិកចំនួន២ពាន់៥០០នាក់និងមានចំនួន៩០០នាក់ផ្សេង ទៀតក្នុងប្រទេសស៊ិរី។

ដើមចមនៃការរីករាលដាលនៃសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ានាពេលនេះ បានកើតឡើងក្រោយព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧តុលាដោយក្រុមហាម៉ាស បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលចំនួន ១ពាន់៤០០នាក់និងបានចាប់មនុស្សប្រមាណជាង២០០នាក់ថែមទៀតពីលើទឹកដីអ៊ីស្រាអែល នាំចូលក្នុងតំបន់ហ្គាហ្សាដើម្បីធ្វើជាចំណាប់ខ្មាំងថែមទៀត។ ការវាយប្រហារតបតសងសឹករបស់អ៊ីស្រាអែលដែលបានប្រ កាសការធ្វើសង្គ្រាមតបទៅវិញ បានបណ្តាលឱ្យមានការហ៊ុំព័ទ្ធបិទច្រកតំបន់ហ្គាហ្សានិងការវាយប្រហារដោយការទម្លាក់គ្រាប់ បែកនិងបាញ់គ្រាប់រ៉ុក្កែតមិនស្រាកស្រានដាក់លើតំបន់ហ្គាហ្សាវិញ ដោយបណ្តាលឱ្យមនុស្ស ស្លាប់និងរបួសច្រើនពាន់នាក់។ បណ្តាប្រទេសក្នុងពិភពអារ៉ាប់បានថ្កោលទោសអំពើហិង្សា និងថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលដាក់មកលើប្រជាជនប៉ាឡេស្ទីនស្លូតត្រង់។ ប្រទេសអ៊ីរ៉ង់ បានបង្ហាញការខឹងសម្បារជាខ្លាំងចំពោះ អ៊ីស្រាអែលនិងចំពោះសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាប់ ដូឡាហៀន បាននិយាយថាអំពើ​កាប់ សម្លាប់របស់អ៊ីស្រាអែល ត្រូវដល់ពេលវេលាដែលគួរនឹងបញ្ចប់ហើយ។
ថ្លែងជាបន្ថែមទៀតនៅក្នុងអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ទី២៦តុលា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានទាមទារឱ្យសហរដ្ឋអាមេរិកត្រូវបញ្ឈប់អំពើសម្លាប់រង្គាលក្នុងតំបន់ហ្គា ហ្សា និងទាមទារឱ្យអ៊ីស្រាអែលត្រូវបញ្ឈប់សកម្មភាពវាយប្រហាររបស់ខ្លួនជាបន្ទាន់ដាក់លើ តំបន់ហ្គាហ្សា។ លោក ហូសេន អាមីរ៉ាប់ ដូឡាហៀន បានថ្លែងថា «​ខ្ញុំសូមនិយាយដោយ ត្រង់ ទៅកាន់រដ្ឋបុរសអាមេរិកដែលកំពុងចាត់ចែងការសម្លាប់រង្គាលក្នុងទឹកដីប៉ាឡេស្ទីន នាពេលនេះថា យើងមិនស្វាគមន៍ចំពោះការពង្រីកសង្រ្គាមនៅក្នុងតំបន់នេះទេ»។

លោកហូសេន អាមីរ៉ាប់ ដូឡាហៀន បានថ្លែងអង្វរថា «ប្រសិនបើអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សានេះ នៅតែបន្ត ពលរដ្ឋក្នុងតំបន់ហ្គាហ្សាទាំងអស់ នឹងមិនមានជីវិតរួចផុតពីការបាញ់ប្រហារនេះឡើយ»។ លោកដូឡាហៀន បានប្រាប់សហរដ្ឋអាមេរិកថា «នេះគឺជាទឹកដី កំណើតរបស់យើង និងតំបន់អាស៊ីខាងលិចគឺជាតំបន់របស់យើង»។

សេចក្តីរាយការណ៍បានបង្ហាញថា សង្គ្រាមមិនដល់៣សប្តាហ៍មកនេះ, បានសម្លាប់ជនស៊ីវិល ស្លូតត្រង់ក្នុងទឹកដីប៉ាឡេស្ទីននៅហ្គាហ្សាប្រមាណ៧ពាន់នាក់ហើយ ដែលជាការសម្លាប់រង្គាល នេះត្រូវបណ្តាប្រទេសក្នុងពិភពអារ៉ាប់ចោទថា គឺដោយសារតែការផ្តល់ជំនួយយោធារបស់ អាមេរិកដល់ប្រទេសអ៊ីស្រាអែល ឱ្យធ្វើសកម្មភាពសម្លាប់ទាំងនេះនៅក្នុងតំបន់ហ្គាហ្សា។

នៅក្នុងតំបន់ហ្គាហ្សានោះវិញ សេចក្តីរាយការណ៍ថ្ងៃសុក្រទី២៧តុលាបានរាយការណ៍ថា ទាហានថ្មើរជើងរបស់អ៊ីស្រាអែលគាំទ្រដោយកងកម្លាំងរថក្រោះ, និងយានពាសដែក Bulldozers បានចូលវាយប្រហារទាំងកណ្តាលយប់លើបណ្តាទីតាំងក្រុមហាម៉ាសក្នុងតំបន់ ភាគខាងជើងហ្គាហ្សារយៈពេលច្រើនម៉ោង។ ក្រុមយោធាអ៊ីស្រាអែលបាននិយាយថាប្រតិបត្តិការនេះ គឺជា «ការរៀបចំសម្រាប់ដំណាក់កាលប្រយុទ្ធជាបន្តបន្ទាប់ថែមទៀត»

អ៊ីស្រាអែល បានថ្លែងថា ក្រុមធ្វើប្រតិបត្តិការថ្មើរជើងទាំងនោះ បានចាកចេញពីតំបន់ហ្គាហ្សានោះវិលត្រឡប់ចូលក្នុងទឹកដីអ៊ីស្រាអែលវិញហើយ។ នៅជាមួយគ្នានេះវិញដែរ ក្រុមហាម៉ាសបាននិ យាយថា ការវាយប្រហាររបស់អ៊ីស្រាអែលច្រើនលើកកន្លងមកនេះ បានធ្វើឱ្យចំណាប់ខ្មាំង ប្រមាណជិត៥០នាក់បានបាត់បង់ជីវិតក្នុងតំបន់ហ្គាហ្សា៕