(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបជាមួយប្រធានសភាថ្មី លោក Mike Johnson និងមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសំណើរបស់លោក សម្រាប់ទឹកប្រាក់ជិត ១០៦ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល អ៊ុយក្រែន និងតម្រូវការសន្តិសុខជាតិផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
លោក Johnson ដែលជាអ្នកអភិរក្សដ៏ម៉ឺងម៉ាត់មួយរូប ដែលចុះសម្រុងជាមួយ លោក ដូណាល់ ត្រាំ បានបង្ហាញចំណាប់អារម្មណ៍តិចតួចនៅក្នុងការផ្តល់មូលនិធិបន្ថែម សម្រាប់ការគាំទ្រដល់សង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែក្រោយមកប្រធានសភាមកពីគណបក្សសាធារណរដ្ឋថ្មីរូបនេះបានអះអាងថា សភានឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ។
ទន្ទឹមគ្នានេះ លោក Johnson បាននិយាយថា សមាជិកសភាគណបក្សសាធារណរដ្ឋនឹងណែនាំជាដំបូងនូវវិក័យប័ត្រដាច់ដោយឡែកមួយ ដើម្បីផ្តល់ជំនួយចំនួន ១៤.៥ ពាន់លានដុល្លារដល់អ៊ីស្រាអែល ប៉ុន្តែពួកគេត្រូវការព័ត៌មានបន្ថែម អំពីយុទ្ធសាស្ត្រអ៊ុយក្រែនរបស់រដ្ឋបាល លោក បៃដិន ។
ក្នុងពេលផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ Fox News លោក Johnson បាននិយាយដោយសំដៅទៅលើប្រធានាធិបតីរុស្ស៊ីដូច្នេះថា «យើងមិនអាចអនុញ្ញាតឱ្យ លោក វ្ល៉ាឌីមៀ ពូទីន ឈ្នះនៅអ៊ុយក្រែនទេ ពីព្រោះខ្ញុំមិនជឿថាវានឹងឈប់នៅទីនោះ»។ ប៉ុន្តែលោកបាននិយាយថា «យើងត្រូវឈរជាមួយអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់យើងនៅមជ្ឈិមបូព៌ា»៕
">រូបភាពពី AFP