(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សេតិមានបាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មានស្តីពី យោធារុស្ស៉ីបាននិងកំពុងតែប្រហារជីវិតទាហានរបស់ខ្លួនផ្ទាល់ ដែលមិនស្តាប់តាមបទបញ្ជា ពាក់ព័ន្ធទៅនឹងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ពួកយើងមានព័ត៌មានថា យោធារុស្ស៉ីបាននិងកំពុងប្រហារជីវិតទាហានខ្លួនឯង ដែលបដិសេធគោរពតាមបទបញ្ជា។ យើងក៏មានព័ត៌មានផងដែរថា ពួកមេបញ្ជាការរុស្ស៉ី កំពុងតែសម្លុតគំរាមប្រហារជីវិតអង្គភាពទាំងមូលតែម្តង ប្រសិនបើពួកគេព្យាយាមដកថយ ដើម្បីរត់គេចពីការបាញ់ផ្លោងរបស់អ៊ុយក្រែន»។
លោក Kirby បានបន្តថា កងកម្លាំងយោធាដែលត្រូវបានកែន ដើម្បីយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន គឺទទួលបានការបណ្តុះបណ្តាលកម្រិតតិចតួច ខ្វះខាតសម្ភារ និងមិនមានការត្រៀមលក្ខណៈគ្រប់គ្រងដើម្បីប្រយុទ្ធឡើយ។ បើតាមលោក Kirby យោធារុស្ស៉ី បាននិងកំពុងប្រើប្រាស់តាក់ទិចបញ្ជូនទាហានទាំងក្រុមៗ ដែលគ្មានការហ្វឹកហាត់គ្រប់គ្រាន់ ចូលទៅកាន់សមរភូមិ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមមន្រ្តីអ៊ុយក្រែនបានអះអាងថា កងកម្លាំងរុស្ស៉ីហាក់មិនខ្វល់ខ្វាយអំពី ចំនួនកងទ័ពដែលបានបាត់បង់យ៉ាងច្រើនឡើយ ដោយបន្តរុលមកមុខ ជាមួយគោលដៅព្យាយាមដណ្តើមកាន់កាប់ទីក្រុង Avdiivka នៅភាគខាងកើតអ៊ុយក្រែន។
គួរបញ្ជាក់ថា ខាងវិមានក្រឹមឡាំង ក្រសួងការពារជាតិរុស្ស៉ី និងស្ថានទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក មិនទាន់ឃើញចេញមុខ ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ពាក់ព័ន្ធការចោទប្រកាន់ខាងលើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រហារជីវិតទាហានរុស្ស៉ី ដែលមិនគោរពបទបញ្ជាក្នុងសង្រ្គាមអ៊ុយក្រែន៕
រូបភាពពី Reuters