(ហ្ស៊េរុយសាឡិម)៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន បានរាយការណ៍ថា កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ ប្រជាជនប៉ាឡេស្ទីន ចំនួន៤នាក់ អំឡុងពេលវាយឆ្មក់នៅតំបន់ West Bank នៅថ្ងៃសុក្រនេះ ខណៈអ្នកស្លាប់ ២នាក់ត្រូវបានក្រុមសកម្មប្រយុទ្ធកំណត់ថាជាសមាជិករបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ខណៈកំពុងបន្តវាយប្រហារ លើក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា អ៉ីស្រាអែលក៏បានបង្កើនប្រតិបត្តិការនៅតំបន់ West Bank ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ និងចាប់ខ្លួនរាប់រយនាក់។ យោធាអ៉ីស្រាអែល បាននិយាយថា អំឡុងពេលប្រតិបត្តិការចាប់ខ្លួន West Bank កងទ័ពរបស់ខ្លួនបានរងការវាយប្រហារនៅទីក្រុង Jenin ហើយបានបាញ់តបវិញដោយសម្លាប់បានសមាជិកម្នាក់នៃក្រុម Islamic Jihad។ នៅក្នុងទីក្រុង Qalqiya ទាហានអ៉ីស្រាអែល បានរងការបាញ់ប្រហារត្រូវចំម្នាក់ ខណៈព្យាយាមបិទហាងមួយកន្លែង ដែលម្ចាស់ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សា ហើយពួកគេបានបាញ់តដៃ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ចាប់តាំងពីផ្ទុះជម្លោះហាម៉ាស-អ៉ីស្រាអែល នៅតំបន់ West Bank បានកើនឡើងដល់ ១១០នាក់ និងជាង ១,៩០០នាក់រងរបួស៕

រូបភាពពី AFP