(ប៉េកាំង)៖ ថ្ងៃទី២៤ ខែតុលា លោក XiJinping បានផ្ញើសារលិខិតជូនពរជាលាយលក្ខណ៍អក្សរ ទៅកាន់សិក្ខាសាលាអន្តរជាតិដើម្បីរំលឹកខួបលើកទី១០ នៃការលើកឡើងទស្សនៈគំនិតការទូតដែលស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាប័ន្នជាមួយប្រទេសជិតខាង។ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានគ្រប់ប្រទេសបានបង្ហាញថា លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរជាពិសេសមកកាន់សិក្ខាសាលា នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង សុន្ទរកថានេះបានបង្កប់នូវខ្លឹមសារថ្មីទាក់ទិននឹង គំនិតការទូតដែលស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាប័ន្នសំដៅទៅរកទស្សនវិស័យថ្មី នៃអនាគតដ៏ល្អបវររបស់អាស៊ី វានឹងចាក់បញ្ចូលកម្លាំងចលករទៅ ក្នុងការលើកកម្ពស់ការអភិវឌ្ឍថ្មីនៃទំនាក់ទំនង រវាងប្រទេសចិននិងប្រទេសជិតខាង ព្រមនិងជម្រុញនូវសាមគ្គីភាព ការបើកចំហ និងវឌ្ឍនភាពក្នុងតំបន់។

នៅក្នុងសុន្ទរកថាវីដេអូមួយនៅពិធីបើកសិក្ខាសាលា នាយករដ្ឋមន្ត្រីនេប៉ាល់បាននិយាយថា ទស្សនៈគំនិតការទូតដែលស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍និងបរិយាប័ន្នជាមួយប្រទេសជិតខាង ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពី១០ឆ្នាំមុនគឺ មានចក្ខុវិស័យណាស់។ បច្ចុប្បន្ន ពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងស្មុគ្រស្មាញ និងស៊ីជម្រៅ ទស្សនៈគំនិតការទូតដែលស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍និងបរិយាប័ន្ន គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការកសាងទំនាក់ទំនងប្រទេស ប្រកបដោយសុខដុមរមនា។

“ដូចដែលលោក Xi Jinping តែងតែនិយាយថា ផ្កាមួយទងរីកតែឯង មិនហៅថាជារដូវផ្ការីកទេ ផ្កាជាច្រើនរីកស្គុះស្គាយទើបបង្កើត ឱ្យមានរដូវផ្ការីកពេញសួន។ ទោះបីជាមានផ្លូវអភិវឌ្ឍន៍និងប្រព័ន្ធនយោបាយ ខុសគ្នាក៏ដោយ ទំនាក់ទំនងម៉ុងហ្គោលី-ចិនបានក្លាយជាគំរូសម្រាប់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសជិតខាង។”នៅក្នុងសុន្ទរកថាតាមវីដេអូ នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានអំពាវនាវចាត់ទុកទស្សនៈគុណតម្លៃ របស់ប្រទេសចិនជាគំរូ ហើយរួមចំណែកដល់បុព្វហេតុសន្តិភាពនិងការអភិវឌ្ឍន៍របស់មនុស្ស។

លោក Boronov អតីតនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន ដែលបានចូលរួមកិច្ចប្រជុំនោះ មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះពាក្យសម្ដីរបស់លោក Xi Jinping អំពីភាពជាអ្នកជិតខាងល្អ មិត្តភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សររបស់លោក។ លោកបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសចិនជាមួយ ប្រទេសជិតខាងបានកាន់តែជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ មានការរីកចម្រើនជាលំដាប់។ ទស្សនៈគំនិតការទូតដែលស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍និងបរិយាប័ន្នជាមួយ ប្រទេសជិតខាងកាន់តែមានប្រជាប្រិយភាពនៅក្នុងតំបន់ ហើយកំពុងក្លាយជាគំរូកាន់តែច្រើនឡើង សម្រាប់ពិភពលោក។

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា “ប្រឈមមុខនឹងអនាគត ប្រទេសចិនរួមជាមួយប្រទេសក្នុងតំបន់ អនុវត្តទស្សនៈគំនិតការទូតដែលស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍និងបរិយាប័ន្នជាមួយប្រទេសជិតខាង មុខជានឹងបើកជំពូកថ្មីសម្រាប់ការកសាង សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ”

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន