(ប៉េកាំង)៖ អគ្គស្ថានីយវិទ្យុនិងទូរស្សន៍មជ្ឈិមចិននិងទីភ្នាក់ងារសារព័ត៌មានបារាំង(AFP)ចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជុំថ្មី។ ថ្ងៃទី២៥ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Fabrice Fries ប្រធានទីភ្នាក់ងារសារព័ត៌មានបារាំង បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ នៅទីក្រុងប៉ារីស។

យោងតាមកិច្ចព្រមព្រៀង ភាគីទាំងពីរនឹងចាត់ទុកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យប្រព័ន្ធផ្សព្វផ្សាយថ្មី(New media)ភាពវៃឆ្លាតសិប្បនិមិ្មត និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយ។

លោក Fabrice Fries បានថ្លែងនៅក្នុងកិច្ចប្រជុំថា ឆ្នាំ២០២៤គឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសចិន និងបារាំង។ លោកបានថ្លែងថា សមត្ថភាពច្នៃប្រឌិតថ្មីនិងនាំមុខដ៏ខ្លាំងរបស់អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអ្នករួមអាជីពខាងប្រព័ន្ធសារព័ត៌មានអន្តរជាតិ មានការរំភើបចិត្តយ៉ាងខ្លាំង ហើយសង្ឃឹមថាភាគីទាំងពីរ នឹងសម្រេចបានសមិទ្ធផលសហប្រតិបត្តិការថ្មីក្នុងពេលឆាប់ៗ។

លោក Shen Haixiong បានថ្លែងថា សង្ឃឹមភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាបញ្ចេញសំឡេងយុត្តិធម៌ និងសមភាពលើឆាកមតិសាធារណៈអន្តរជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន