(ប៉េកាំង)៖ គិតរហូតមកដល់ពេលនេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បានបណ្តាលឱ្យមនុស្ស នៅតំបន់ហ្កាហ្សារាប់ពាន់នាក់ ស្លាប់បាត់បង់ជីវិត និងប្រជាជនប្រហែល១លាន៦សែននាក់បាត់បង់ទីជម្រក វិបត្តិមនុស្សធម៌មានសភាពកាន់តែអាក្រក់ទៅៗ។ ដើម្បីចៀសវាងកុំឱ្យជនស៊ីវិលស្លូតត្រង់ កាន់តែច្រើនរងទុក្ខវេទនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាច្រើនដង ប៉ុន្តែសេចក្តីសម្រេចចិត្តពាក់ព័ន្ធសុទ្ធតែ ត្រូវបានផ្អាកដោយអាមេរិក។

ថ្ងៃទី១៦ ខែតុលា អាមេរិកបានបោះឆ្នោតប្រឆាំងចំពោះសេចក្តីសម្រេចចិត្តមួយច្បាប់ ស្តីពីការអំពាវនាវឱ្យឈប់បាញ់គ្នា ជាមនុស្សធម៌ដែលលើកឡើងដោយតំណាងរុស្ស៊ី ហេតុផលរបស់អាមេរិកគឺ "មិនមានខ្លឹមសារថ្កោលទោសក្រុមហាម៉ាស ក្នុងសេចក្តីព្រាង"។ ប៉ុន្តែនៅថ្ងៃទី១៨ខែតុលា នៅពេលដែលតំណាងប្រេស៊ីលបានបន្ថែមខ្លឹមសារនេះ ទៅក្នុងសេចក្តីព្រាងដែលលើកឡើងដោយខ្លួនឯង តំណាងអាមេរិកបានបដិសេធវាម្តងទៀត ក្រោមហេតុផលថា "សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ មិនបានលើកឡើងដល់សិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលទេ"។

លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានសម្តែងការភ្ញាក់ផ្អើល និងខកបំណងចំពោះលទ្ធផលបោះឆ្នោត។ លោកបានលើកឡើងថា ប្រទេសពាក់ព័ន្ធបានគូសបញ្ជាក់ តាមតែមាត់ថា ក្រុមប្រឹក្សាសន្តិសុខគួរតែចាត់វិធានការត្រឹមត្រូវ ប៉ុន្តែជំហរបោះឆ្នោតរបស់ពួកគេ ធ្វើឱ្យយើងមានការសង្ស័យថា ពួកគេមិនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការមួយណាទាល់តែសោះ ហើយមិនមានបំណងចង់ដោះស្រាយ បញ្ហាពិតប្រាកដទេ។

ប្រឈមមុខនឹងការប៉ះទង្គិចលើកនេះ អាមេរិកមិនបានធ្វើការសម្របសម្រួលតែប៉ុណ្ណោះ ផ្ទុយទៅវិញបែរជាលួងលោម និងបណ្ដោយអ៊ីស្រាអែលទៅទៀត។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៥៦ដល់បច្ចុប្បន្ននេះ អាមេរិកបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួនចំនួន៨៣ដង ដែលក្នុងនោះមាន៥៣ដង គឺពាក់ព័ន្ធនឹងអ៊ីស្រាអែល។ ខណៈពេលអាមេរិកអះអាងថា គួរតែជៀសវាងកុំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ តែតាមពិតទៅវាបែរជាលំអៀងទៅអ៊ីស្រាអែល ក្នុងប្រតិបត្តិការជាក់ស្តែង។ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ របស់ខ្លួននៅមជ្ឈិមបូព៌ា អាមេរិកសុខចិត្ត "បញ្ឈប់" ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រាប់អ៊ីស្រាអែល ហើយមិនគិតពិចារណាដល់សុវត្ថិភាពរបស់ ប្រជាជនស៊ីវិលរាប់លាននាក់នៅតំបន់ហ្កាហ្សាឡើយ។

អាមេរិកតែងតែអះអាងថា ខ្លួនជាប្រទេសដែលគោរពសិទ្ធិមនុស្សច្រើនជាងគេ ប៉ុន្តែនៅពេលដែលប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាប្រឈមមុខនឹង គ្រោះមហន្តរាយមនុស្សធម៌ ហេតុអ្វីបានជាអាមេរិកបែរជាចាក់ប្រេងពីលើភ្លើង? គ្មានអ្វីចម្លែកទេ ដែលនៅពេលលោកស្រី Michelle Taylorតំណាងអាមេរិកថ្លែងសុន្ទរកថានៅ គណៈកម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨ ខែតុលា តាមម៉ោងក្នុងតំបន់ អ្នកចូលរួមជាច្រើនបានបែរខ្នង ដើម្បីសម្តែងការតវ៉ាចំពោះអាមេរិក ដែលបានគាំទ្រយ៉ាងលំអៀងទៅ ខាងអ៊ីស្រាអែលលើបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចជាមិនអើពើសិទ្ធិមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន។

សូមបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមលោកលើកទី២មក អាមេរិកបានបំផុសសង្រ្គាម នៅកន្លែងជាច្រើនលើពិភពលោក។ យោងតាមស្ថិតិមិនពេញលេញបង្ហាញឱ្យឃើញថា បន្ទាប់ពីសង្គ្រាមលោកលើកទី២នៅឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចប្រដាប់អាវុធចំនួន២៤៨ លើកដែលកើតឡើង នៅតំបន់ចំនួន១៥៣លើពិភពលោក មាន២០១លើកគឺត្រូវបានបំផុសដោយអាមេរិក ដែលលើសពី៨០ភាគរយ។ ចាប់តាំងពីឆ្នាំ២០០១មក សង្គ្រាមខុសច្បាប់និងប្រតិបត្តិការយោធា ដែលបំផុសដោយអាមេរិកបានបណ្តាលឱ្យមនុស្ស ជាង៨សែននាក់ស្លាប់បាត់បង់ជីវិត និងរាប់សិបលាននាក់បាត់បង់ទីជម្រក។

សព្វថ្ងៃនេះ ប្រទេសជាច្រើនលើពិភពលោក បានឃើញច្បាស់បន្តិចម្តងៗថា អាមេរិកទើបជាប្រភពនៃភាពចលាចល លើពិភពលោកនាពេលបច្ចុប្បន្ន។ ផ្ទុយពីអាមេរិកដែលអូសទាញសម្ព័ន្ធមិត្តរបស់ខ្លួន បង្កឱ្យភាពច្របូកច្របល់នៅ គ្រប់តំបន់លើពិភពលោក ប្រទេសចិនតែងតែជំរុញបណ្តាប្រទេសនានាលើពិភពលោក ឱ្យពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ព្រមនិងខិតខំប្រឹងប្រែងស្វែងរកការអភិវឌ្ឍ ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីសុខុមាលភាព របស់មនុស្សជាតិទាំងមូល។ នៅថ្ងៃទី១៨ ខែតុលា ក្នុងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី៣ ដែលបើកធ្វើនៅប្រទេសចិន ប្រទេសចំនួនជាង១៥០ និងអង្គការអន្តរជាតិចំនួនជាង៣០ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។ ប្រតិបត្តិការ៨ចំណុចដែលលើកឡើងដោយប្រទេសចិន បានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិន ក្នុងនាមជាប្រទេសធំមួយក្នុងការជំរុញ កិច្ចសហប្រតិបត្តិការពិភពលោកនិងជំរុញការអភិវឌ្ឍរួមគ្នា។

អ្នកស្របតាមសច្ចធម៌ទទួលបានការគាំទ្រជាច្រើន អ្នកដែលបំផ្លាញសច្ចធម៌គ្មានអ្នកណាគាំទ្រទេ។ ក្នុងពិភពលោកនាពេលបច្ចុប្បន្ន ការប៉ះទង្គិចភូមិសាស្ត្រនយោបាយនៅតែកើតឡើងឥតឈប់ឈរ ហើយការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកក៏មានភាពទន់ខ្សោយដែរ។ ប្រឈមមុខនឹងផែនការអភិវឌ្ឍន៍ពិភពលោកខុសគ្នា ដែលដាក់ដោយប្រទេសចិននិងអាមេរិក និងអនុត្តរភាពរបស់អាមេរិក មានភាពចុះខ្សោយជាបន្តបន្ទាប់ គំនិតស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលជំរុញដោយប្រទេសចិន ពិតជានឹងត្រូវទទួលស្គាល់ដោយ ប្រទេសកាន់តែច្រើនឡើងៗជាមិនខាន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន