(ប៉េកាំង)៖ កាលពីថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើឯកសារស្តីពីឆន្ទៈកិច្ចសហប្រតិបត្តិការនៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ ភាគីទាំងពីរនឹងសហការគ្នា ក្នុងការពង្រឹងការការពារនិងផ្សព្វផ្សាយពីកម្មសិទ្ធិបញ្ញា និងធ្វើសកម្មភាពផ្លាស់ប្តូរអន្តរជាតិជាដើម។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ លោកឯកអគ្គរដ្ឋទូត Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីស បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈបង្កើតទំនាក់ទំនង សហប្រតិបត្តិការស៊ីជម្រៅជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីរួមគ្នាប្រឈមមុខនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាថ្មី ដូចជាភាពវៃឆ្លាតសិប្បនិមិ្មតក្នុងយុគសម័យឌីជីថល និងប្រើប្រាស់កម្លាំងនៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការអភិវឌ្ឍនៃប្រព័ន្ធអភិបាលកិច្ចផ្នែក កម្មសិទ្ធិបញ្ញាជាសកលឱ្យដើរតាមទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផល។

លោក Daren Tang បានថ្លែងអំណរគុណចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យការពារកម្មសិទ្ធិបញ្ញា ហើយរំពឹងទុកពីការបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមគ្នាកសាងច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិ ដែលមានភាពបើកចំហ បរិយាបន្ន តុល្យភាព និងផ្តល់ផលប្រយោជន៍ជាទូទៅ ដើម្បីបង្កើនសុខុមាលភាពរបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន