(ប៉េកាំង)៖ ពេលបច្ចុប្បន្ននេះ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក កំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន។ កាលពីថ្ងៃទី ២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Gavin Newsom នៅទីក្រុងប៉េកាំង។ តាមការផ្សាយដំណឹងនៃកាសែត «Daily Mail» របស់អង់គ្លេសបានឱ្យដឹងថា លោក Gavin Newsom ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំចិន ។ ក្រៅពីនេះ ក៏មានប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនបានលើកឡើងថា ប្រការនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការរំពឹងទុកយ៉ាងខ្លាំងរបស់ចិនចំពោះ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងចិននិងអាមេរិក។

ចាប់តាំងពីចូលខែមិថុនាឆ្នាំនេះមក លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Bill Gates សហប្រធានមូលនិធិ Bill Gates របស់សហរដ្ឋអាមេរិកនិងលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយលោកក៏បានឆ្លើយតបសារលិខិតរបស់មិត្តភក្តិអាមេរិកជាបន្តបន្ទាប់ ដើម្បីជំរុញដោយផ្ទាល់នូវការប្រាស្រ័យទាក់ទង នៃគ្រប់មជ្ឈដ្ឋាននិងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់រវាងចិននិងអាមេរិក។ លោកប្រធានរដ្ឋចិន Xi Jinping ធ្លាប់បានលើកឡើងក្នុងកាលៈទេសៈជាច្រើនថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺស្ថិតនៅត្រង់សង្គមស៊ីវិល ក្ដីសង្ឃឹមស្ថិតនៅត្រង់ប្រជាជន អនាគតស្ថិតនៅត្រង់យុវជន ។ តើយើងគួរយល់ពីចំណុចនេះយ៉ាងដូចម្តេច? សូមមើលការប្រាស្រ័យទាក់ទង ក្នុងគ្រប់វិស័យរវាងរដ្ឋកាលីហ្វ័រញ៉ានិងប្រទេសចិន។

បើមើលពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាចឃើញថា ចាប់តាំងពីឆ្នាំ ២០១០ មក ប្រទេសចិនគឺជាប្រភពនាំចូលដ៏ធំបំផុត និងជាទីផ្សារនាំចូលដ៏សំខាន់របស់រដ្ឋកាលីហ្វ័រញ៉ាជាប់រហូតមក ហើយបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់រដ្ឋកាលីហ្វ័រញ៉ាជាយូរណាស់មកហើយ។ កាលពីឆ្នាំ ២០២២ សហគ្រាសទុនចិននៅរដ្ឋកាលីហ្វ័រញ៉ា ប្រហែលមានចំនួនសរុប ៧០០ សហគ្រាសដែលបានបង្កើតឱកាសការងារលើសពី ១ ម៉ឺន ៩ ពាន់នាក់។ ដោយសារភ្លើងឆេះភ្នំនៅរដ្ឋកាលីហ្វ័រញ៉ា បានកើតឡើងជាញឹកញាប់ បានជារដ្ឋនេះបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះកិច្ចសហប្រតិបតិ្តការ ស្តីពីបម្រែបម្រួលអាកាសធាតុ។ កាលពីឆ្នាំមុន រដ្ឋកាលីហ្វ័រញ៉ាបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអេកូបរិស្ថានប្រទេសចិន។

សូមបញ្ជាក់ថា ភារកិច្ចសំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់លោក Gavin Newsom នៅប្រទេសចិនលើកនេះ គឺ ស្វែងរកកិច្ចសហប្រតិបត្តិការស្តីពីការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ។ កាលពីខែកញ្ញាឆ្នាំនេះ លោកបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិក CNN ថា ត្រូវតែចាត់ទុកទំនាក់ទំនងជាមួយប្រទេសចិន ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុជាទំនាក់ទំនងដ៏សំខាន់ និងមូលដ្ឋានបំផុត។

មិនត្រឹមតែប៉ុណ្ណោះទេ លោក Gavin Newsom មានការយល់ដឹងប្រកបដោយវិចារណញ្ញាណ និងភាពប្រាកដប្រជាចំពោះទំនាក់ទំនង រវាងចិននិងអាមេរិក។ លោកបានលើកឡើងក្នុងពេលផ្តល់ បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិនមិនមែនជាការប្រកួតប្រជែងផលបូកសូន្យនោះទេ "ប្រទេសចិនទទួលបានជោគជ័យកាន់តែខ្លាំង យើងទាំងអស់គ្នាក៏ទទួលបានជោគជ័យកាន់តែខ្លាំងដែរ"។ល។ ការបញ្ជាក់ទាំងនេះបានបង្ហាញពីការយល់ដឹង ប្រកបដោយសត្យានុម័តរបស់តំបន់នានា នៃសហរដ្ឋអាមេរិកចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏បានឆ្លុះបញ្ចាំងពីការរំពឹងទុករបស់សង្គមអាមេរិក ចំពោះការបន្ធូរបន្ថយទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Gavin Newsom នៅប្រទេសចិន លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៦ ខែតុលានេះតបតាមការអញ្ជើញរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ។ នេះគឺជាដំណើរទស្សនកិច្ចពិសេសដំបូងគេបង្អស់ របស់មន្ត្រីជាន់ខ្ពស់ចិនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីខែមិថុនាឆ្នាំនេះមក។

ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិក បានលើសពីមួយភាគបីនៃបរិមាណទូទៅនៃពិភពលោក ចំនួនប្រជាជនសរុបមានជិត មួយភាគបួននៃពិភពលោក ហើយទំហំពាណិជ្ជកម្មទ្វេភាគីប្រហែល ត្រូវជាមួយភាគប្រាំនៃពិភពលោក ។ សមិទ្ធផលទាំងនេះគឺបានមកដោយមិនងាយទេ ដែលគួរតែថែរក្សាឱ្យបានល្អ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងរវាង ចិននិងអាមេរិកឈប់ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព ដំណើរទស្សនកិច្ចរបស់លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ា Gavin Newsom គឺជាការក្រើនរំលឹកដល់ទីក្រុងវ៉ាស៊ីនតោនថា ការប្រកាន់អាកប្បកិរិយាប្រកបដោយវិចារណញ្ញាណ និងភាពប្រាកដប្រជារបស់លោកចំពោះប្រទេសចិន គឺគួរឱ្យអ្នកនយោបាយវ៉ាស៊ីនតោនយកទៅរៀនសូត្រ៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន