(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ាគីស្ថានបានចេញសាររព្រមានជាលើកចុងក្រោយ ទៅកាន់ជនអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអាស៉ីខាងត្បូងមួយដោយខុសច្បាប់ ក្នុងនោះរួមទាំងជនជាតិអាហ្វហ្កានីស្ថានក្នុងចំនួនយ៉ាងច្រើនផងដែរ ឱ្យចាកចេញពីប្រទេសប៉ាគីស្ថាន ដោយស្ម័គ្រចិត្ត នៅមុនថ្ងៃទី១ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីមហាផ្ទៃប៉ាគីស្ថានស្តីទី លោក Sarfraz Bugti បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងអ៉ីស្លាម៉ាបាដថា ប៉ាគីស្ថានប្តេជ្ញានឹងបន្តបោះជំហានទៅមុខ ជាមួយគម្រោងបោសសម្អាតជនអន្តោប្រវេសន៍ទាំងអស់ ដែលមិនមានឯកសារស្នាក់នៅត្រឹមត្រូវ ក្រោយថ្ងៃទី១ ខែវិច្ឆិកា។ ប៉ាគីស្ថានបានប្រកាសដំបូងអំពីផែនការខាងលើ កាលពីដើមខែតុលានេះ។ ប៉ាគីស្ថានបានអះអាងថា ការសម្រេចចិត្តយ៉ាងដូច្នេះ គឺបន្ទាប់ពីជនជាតិអាហ្វហ្កានីស្ថាន ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ ការរត់ពន្ធ និងការវាយប្រហារប្រឆាំងរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ក្នុងនោះរួមមានទាំងករណីបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន១៤ ក្នុងចំណោម២៤ករណី នៅឆ្នាំនេះ។
លោក Bugti បានលើកឡើងដូច្នេះថា «ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ហើយ ពោលគឺរដ្ឋាភិបាលមានទិន្នន័យយ៉ាងពេញលេញ។ ខ្ញុំចង់ធ្វើការអំពាវនាវម្តងទៀតថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ គួរតែរួសរាន់ចាកចេញដោយស្ម័គ្រចិត្ត ឱ្យបានមុនពេលវេលាកំណត់»។ លោក Bugti បានព្រមានថា ស្ថាប័នអនុវត្តច្បាប់ នឹងចាប់ផ្តើមប្រតិបត្តិការចាប់បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់នានា ក្រោយផុតពេលវេលាកំណត់ ហើយលោកថែមទាំងបានព្រមានថា នឹងមានចំណាត់ការប្រឆាំងអ្នកទាំងឡាយ ដែលត្រូវរកឃើញថា ព្យាយាមជួយនិងលាក់ពួនជនអន្តោប្រវេសន៍ទាំងនោះផងដែរ។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន បានទទួលយកលំហូរធំបំផុតនៃជនភៀសខ្លួនអាហ្វហ្កានីស្ថាន គិតចាប់តាំងពីការឈ្លានពាន របស់សូវៀតលើប្រទេសពួកគេ កាលពីឆ្នាំ១៩៧៩។ ប្រមាណជា១.៣លាននាក់ នៃជនជាតិអាហ្វហ្កានីស្ថាននៅទីនោះ គឺត្រូវបានចុះបញ្ជីត្រឹមត្រូវជាជនភៀសខ្លួន ខណៈ៨៨០,០០០នាក់ផ្សេងទៀត មានសិទ្ធិស្របច្បាប់ដើម្បីស្នាក់នៅ បើយោងទៅតាមទិន្នន័យចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិ។ រីឯលោក Bugti កាលពីដើមខែតុលានេះ បានអះអាងថា ជនជាតិអាហ្វហ្កានីស្ថានប្រហែលជា ១.៧៣លាននាក់នៅប៉ាគីស្ថាន គឺពុំមានឯកសារស្របច្បាប់ សម្រាប់ស្នាក់នៅឡើយ ខណៈជនភៀសខ្លួនអាហ្វហ្កានីស្ថានសរុប៤.៤លាននាក់ កំពុងរស់នៅក្នុងប្រទេសនេះ៕
រូបភាពពី AFP