(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា យន្តហោះចម្បាំងចិន១គ្រឿង បានហោះមកកៀក យន្តហោះទម្លាក់គ្រាប់បែកអាមេរិក យ៉ាងខ្លាំងដែលប្រកបដោយគ្រោះថ្នាក់ ក្នុងសប្តាហ៍នេះ នៅលើសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកសកម្មភាពនេះថា ជាអាកប្បកិរិយាប្រថុយប្រថានកាន់តែខ្លាំងឡើង ពីសំណាក់យន្តហោះយោធាចិន។ បើតាមយោធាអាមេរិក អំឡុងសកម្មភាពនៅពេលយប់ ពីឡុតចិនបានបើកយន្តហោះ J-11 ក្នុងលក្ខខណ្ឌមិនមានសុវត្ថិភាព ជាមួយនិងល្បឿនលើសកំណត់ដែលមិនអាចគ្រប់គ្រងបាន ដោយហោះហើរមកខាងក្រោម នៅពីមុខ និងក្នុងចម្ងាយត្រឹមតែ ៣ម៉ែត្រប៉ុណ្ណោះពីយន្តហោះ B-52 ធ្វើឲ្យយន្តហោះទាំងពីរមានហានិភ័យនៃការប៉ះទង្គិចគ្នា។

គួរបញ្ជាក់ថា ក្នុងខែតុលានេះ មន្ទីរបញ្ចកោណបានរាយការណ៍អំពីករណីយន្តហោះយោធាចិន ធ្វើសកម្មភាពមកកៀកៗ យន្តហោះអាមេរិកសរុបជិត ២០០ដង គិតចាប់តាំងពីឆ្នាំ ២០២១។ កាលពីសប្តាហ៍មុន ក្រសួងការពារជាតិចិន ក៏បានច្រានចោលរបាយការណ៍នេះ ដោយនិយាយថា ជាការលាបពណ៌ក្រោមហេតុផលនយោបាយ៕

រូបភាពពីកងទ័ពអាកាសអាមេរិក