(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិកមិនមានសិទ្ធិចូលមកពាក់ព័ន្ធ ក្នុងបញ្ហាវិវាទរវាងចិននិងហ្វីលីពីននោះទេ ខណៈហេតុការណ៍ប្រឈមមុខគ្នា បានកើនឡើងនៅតំបន់ដែនទឹកមានជម្លោះ នៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមិនមែនជាភាគី នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ដូច្នេះហើយអាមេរិកពុំមានសិទ្ធិអ្វី មកចូលពាក់ព័ន្ធក្នុងបញ្ហាវិវាទរវាងចិន និងហ្វីលីពីនឡើយ»។ លោកស្រីបានលើកឡើងបែបនេះ នៅពេលត្រូវបានសាកសួរអំពី ការដែលទីក្រុងវ៉ាស៉ីនតោនបានអះអាងថា នឹងការពារប្រទេសហ្វីលីពីន។
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការប្តេជ្ញារបស់អាមេរិកចំពោះការការពារហ្វីលីពីន គឺនៅតែបន្តរឹងមាំដូចដែក បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនបានចោទចិន ថាធ្វើសកម្មភាពគ្រោះថ្នាក់និងមិនស្របច្បាប់ នៅតំបន់សមុទ្រចិនខាងត្បូង។ លោក បៃដិន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការវាយប្រហារណាមួយលើយន្តហោះ នាវា ឬកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន នឹងតម្រូវឱ្យយើងអនុវត្តតាមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក» ដែលសំដៅលើសន្ធិសញ្ញាការពារជាតិរវាងអាមេរិកនិងទីក្រុងម៉ានីល។
លោកស្រី Mao បាននិយាយដូច្នេះថា «ការសន្យារបស់អាមេរិកក្នុងការការពារហ្វីលីពីន មិនត្រូវប៉ះពាល់ដល់អធិបតេយ្យ និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិនដាច់ខាត ហើយក៏មិនត្រូវបើកដៃនិងលើកទឹកចិត្តដល់ ការទាមទារខុសច្បាប់របស់ហ្វីលីពីនផងដែរ»។
គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ចិននិងហ្វីលីពីនបានប្រឈមមុខគ្នាកាន់តែញឹកញាប់ នៅតំបន់សមុទ្រចិនខាងត្បូង ជាពិសេសនៅដែនទឹកមានវិវាទ ក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលជាផ្នែកនៃទីប្រជុំកោះ Spratly Islands។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នាវាឆ្មាំសមុទ្រចិន១គ្រឿង បានប៉ះគ្នាជាមួយទូកដឹកសម្ភារផ្គត់ផ្គង់ សម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅតំបន់នោះ៕
រូបភាពពី Reuters