(កៀវ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ពីឡុតអ៊ុយក្រែន កំពុងទទួលការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក អំពីរបៀបប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលជាសព្វាវុធដ៏ទំនើប ដែលខ្លួនត្រូវការក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

តាមរយៈបណ្តាញសង្គម X លោកស្រី Bridget Brink បានគូសបញ្ជាក់ថា «ពីឡុតអ៊ុយក្រែនកំពុងហ្វឹកហាត់ប្រើ F-16 នៅទីបញ្ជាការ Arizona Air National Guard។ នេះគឺជាផ្នែកដ៏សំខាន់មួយ ក្នុងកសាងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការធ្វើការជាមួយដៃគូអឺរ៉ុប ដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានអនុម័តការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែនពីហូឡង់ និងដាណឺម៉ាក កាលពីខែសីហា នៅពេលដែលការបណ្តុះបណ្តាលដល់ពីឡុតត្រូវបានបិទបញ្ចប់៕

រូបភាពពី Reuters