(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យបើកការវាយប្រហារលើ មូលដ្ឋានចំនួន២កន្លែង នៅក្នុងប្រទេសស៉ីរី បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងមកលើ​កងទ័ពអាមេរិក ក្នុងរយៈពេលប្រមាណជា ១សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងរយៈពេលខ្ទង់មួយសប្តាហ៍កន្លងមកនេះ កងកម្លាំងយោធាអាមេរិក បានស្ថិតក្រោមការវាយប្រហារសរុបជាង១០លើក នៅអ៉ីរ៉ាក់និងស៉ីរី ហើយទីក្រុងវ៉ាស៉ីនតោនសង្ស័យថា វាគឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់។ Hamas, Islamic Jihad ដែលមាន​មូលដ្ឋាននៅតំបន់ Gaza Strip, Hezbollah នៅឯប្រទេសលីបង់ និងក្រុមសកម្មប្រយុទ្ធដទៃទៀតនៅស៉ីរី គឺសុទ្ធតែគាំទ្រដោយអ៉ីរ៉ង់។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បាននិយាយនៅអង្គការសហប្រជាជាតិថា ប្រសិនបើសង្រ្គាមអ៉ីស្រាអែលប្រឆាំង​ក្រុម Hamas មិនបញ្ឈប់ទេនោះ សហរដ្ឋអាមេរិកក៏នឹងមិនរួចខ្លួនពីភ្លើងជម្លោះដែរ។

មន្ទីរបញ្ចកោណបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ យោធាអាមេរិកបានបើកការវាយប្រហារទៅលើមូលដ្ឋាន២កន្លែង នៅភាគខាងកើតប្រទេសស៉ីរី ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏ដូចជាក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់។ លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានលើកឡើងថា «ការវាយប្រហារការពារខ្លួនទាំងនេះ គឺជាការឆ្លើយតបចំពោះការវាយប្រហារជាបន្តបន្ទាប់ ដែលភាគច្រើនមិនជោគជ័យ ប្រឆាំងមកលើកងទ័ពអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់និងស៉ី ពីសំណាក់ក្រុមសកម្មប្រយុទ្ធផ្សេងៗ គាំទ្រដោយអ៉ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែតុលាមក។ ការវាយប្រហារដែលគាំទ្រដោយអ៉ីរ៉ង់ទាំងនេះ ប្រឆាំងនឹងកងទ័ពអាមេរិក គឺជារឿងមិនអាចទទួលយកបានដាច់ខាត ហើយត្រូវបញ្ឈប់ជាបន្ទាន់»

បើតាមការអះអាងរបស់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានផ្ញើសារយ៉ាងកម្រមួយទៅកាន់ ​មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដោយផ្ទាល់ផងដែរ ដើម្បីព្រមានអ៉ីរ៉ង់ប្រឆាំងនឹងការវាយប្រហារមកលើ ​កងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុម Hamas លើអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាមេរិក កាលពីថ្ងៃទី៧ ខែតុលាមក យោធាអ៉ីស្រាអែល បានបន្តធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាបំផុត ទៅលើតំបន់ Gaza Strip។ ខាងអ៉ីស្រាអែល បានអះអាងថា អំលុងការវាយប្រហារ​របស់ Hamas មនុស្សប្រមាណ ១,៤០០នាក់បានស្លាប់ ភាគច្រើនជាជនស៉ីវិល ហើយជាង២០០នាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ រីឯខាងតំបន់ Gaza បានអះអាងថា ជនជាតិប៉ាឡេស្ទីនជាង ៧,០០០នាក់ហើយ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារសងសឹកតាម​ផ្លូវអាកាសរបស់អ៉ីស្រាអែល ភាគច្រើនជាជនស៉ីវិលដូចគ្នា។ ក្នុងពេល៣សប្តាហ៍ចុងក្រោយនេះ អាមេរិកបានបញ្ជូននាវានិងយន្តហោះចម្បាំង ព្រមទាំងកងទ័ពបន្ថែមទៅកាន់មជ្ឈិបូព៌ា ចំពោះមុខក្តីព្រួយបារម្ភអំពីហានិភ័យ នៃការរីករាលដាលភ្លើងជម្លោះកាន់តែធំ៕

រូបភាពពីកងទ័ពអាកាសអាមេរិក