(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងក្តីរំពឺងអំពីស្ថិរភាពនៃទំនាក់ទំនងបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក អំឡុងការធ្វើដំណើរដ៏កម្រមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីត្រួសត្រាយផ្លូវឲ្យមានទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៉ី ជិនពីង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា «ចិនចង់កាត់បន្ថយការយល់ច្រឡំគ្នា។ យើងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង ដូច្នេះយើងអាចរក្សាស្ថិរភាពទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន ហើយឈានទៅការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព»

នៅថ្ងៃសុក្រនេះ លោក Wang នឹងជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នៅឯសេតវិមាន។ គ្មានការប្រកាសណាមួយអំពីការជួប លោក ចូ បៃដិន នោះទេ ប៉ុន្តែមានការរំពឹងទុកខ្ពស់ថានឹងមានជំនួបមួយ បន្ទាប់ពីលោក ស៉ី ជិនពីង បានស្វាគមន៍ លោក Blinken កាលពីអំឡុងទស្សនកិច្ចនៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា លោក បៃដិន បានអញ្ជើញ លោក ស៉ី មកកាន់ទីក្រុង San Francisco ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ប៉ុន្តែលោក បៃដិន នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះចិន ក្នុងបញ្ហាមួយចំនួនដោយរក្សាការកំណត់គោលដៅនៃទណ្ឌកម្ម និងគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនដែលមានវិវាទជាមួយទីក្រុងប៉េកាំង៕

រូបភាពពី AFP