(ម៉ិកស៉ីកូស៉ីធី)៖ ក្រុមមន្រ្តីម៉ិកស៉ិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្យុះហឺរីខិនឈ្មោះ Otis បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត​យ៉ាងហោច២៧នាក់ រួមជាមួយការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅពេលដែលវាបានវាយប្រហារចំលើទីក្រុងរីសត Acapulco ក្នុងទម្រង់ជាហឺរីខិន​កម្រិតខ្ពស់បំផុតគឺ Category 5។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។

ព្យុះ Otis បានបោកបក់មកចំទីក្រុង Acapulco ជាមួយកម្លាំងខ្យល់បក់ល្បឿន២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានផ្តួលរំលំដើមឈើ និងកាត់ផ្តាច់បណ្តាញទំនាក់ទំនង ក៏ដូចជាផ្លូវ-ស្ពានដែលតភ្ជាប់ជាមួយទីក្រុង ខណៈអគារជាច្រើនបានរងការខូចខាត។ រដ្ឋមន្រ្តីសន្តិសុខនៃ​ប្រទេសម៉ិកស៉ិក លោកស្រី Rosa Icela Rodriguez បាននិយាយ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ (ពេលវេលាក្នុងតំបន់) ថា តួលេខអ្នកស្លាប់ អំលុងការវាយប្រហារនៃព្យុះហឺរីខិន Otis គឺ២៧នាក់ រី៤នាក់ផ្សេងទៀតបានបាត់ខ្លួន។ ៣នាក់ក្នុងចំណោមអ្នកបាត់ខ្លួន គឺជាទាហាន។ យោងតាមអាជ្ញាធរម៉ិកស៉ិក ជនរងគ្រោះភាគច្រើន គឺត្រូវបានទឹកទន្លេដែលជន់លិចហូរនាំយកទៅ។

គួរបញ្ជាក់ថា ព្យុះហឺរីខិនតែងតែបោកបក់ចំលើប្រទេសម៉ិកស៉ិកជារៀងរាល់ឆ្នាំ ទាំងនៅបណ្តោយឆ្នេរខាងមហាសមុទ្រប៉ាស៉ីហ្វិក និងនៅខាងមហាសមុទ្រអាត្លង់ទិច ដែលជាធម្មតាគឺអំលុងចន្លោះខែឧសភា និងខែវិច្ឆិកា ប៉ុន្តែមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលបោកបក់​មកដល់ដីគោក ក្នុងទម្រង់ជាហឺរីខិន Category 5 បែបនេះ។ កាលពីខែតុលា ឆ្នាំ១៩៩៧ ព្យុះហឺរីខិនឈ្មោះ Pauline បានវាយប្រហារមកលើ​ឆ្នេរខាងមហាសមុទ្រប៉ាស៉ីហ្វិករបស់ម៉ិកស៉ិក ក្នុងទម្រង់ជាព្យុះ Category 4 ហើយបានផ្តាច់ជីវិតមនុស្សជាង២០០នាក់ ក្នុងនោះមួយចំនួនស្ថិតនៅទីក្រុង Acapulco។ វាគឺជាហឺរីខិនដ៏ប្រល័យបំផុតមួយ ដែលបានបោកបក់លើប្រទេសម៉ិកស៉ិក៕

រូបភាពពី AFP