(ស្លូវ៉ាគី)៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីទើបជាប់ឆ្នោតថ្មី លោក Robert Fico បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោកនឹងបញ្ឈប់ការផ្តល់អាវុធដល់អ៊ុយក្រែន ហើយនឹងផ្តល់ជំនួយមនុស្សធម៌ចាប់ពីពេលនេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

លោក Fico ក៏បានសម្តែងការជំទាស់របស់ខ្លួន ចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីផងដែរ ដោយលោកបាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើមានការដាក់ទណ្ឌកម្មបែបនេះដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពួកយើង ដូចដែលបានកើតឡើងជាមួយនឹងទណ្ឌកម្មភាគច្រើននោះ ខ្ញុំមិនឃើញហេតុផលដើម្បីគាំទ្រពួកគេទេ»។

នៅថ្ងៃចូលកាន់តំណែងដំបូងរបស់ខ្លួន លោក Fico បានជួបជាមួយសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភានៃប្រទេសស្លូវ៉ាគី មុនពេលចាកចេញទៅកាន់ទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមប្រឹក្សាកិច្ចការបរទេសរបស់ប្រទេសស្លូវ៉ាគីបាននិយាយថា ស្លូវ៉ាគីនឹងគាំទ្រអ៊ុយក្រែន និងផ្តល់ជំនួយទូលំទូលាយ ដោយបន្ថែមថា លោក Fico នឹងពន្យល់លម្អិតអំពីជំហរនេះនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប។

លោក Fico បាននិយាយថា លោកមិនបានពិចារណាថា ជំនួយទូលំទូលាយដើម្បីរួមបញ្ចូលការផ្គត់ផ្គង់អាវុធនោះទេ៕