(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់នៃប្រជាជាប៉ាឡេស្ទីនដែលជាលទ្ធផល នៃការវាយបករបស់យោធាអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៧,០២៨ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប៉ាឡេស្ទីនចំនួន ១៨,៤៨៤ នាក់បានរងរបួសរហូតមកដល់ពេលនេះ ចាប់តាំងពីមានការផ្ទុះឡើងនៃការប្រយុទ្ធគ្នា។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការជើងគោកមានកម្រិតប្រឆាំងនឹងតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយពួកសកម្មប្រយុទ្ធ នៃចលនាហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាលើគោលដៅយោធាអ៊ីស្រាអែល និងទីប្រជុំជនកាលពីថ្ងៃទី០៧ ខែតុលា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់នៅក្នុងអ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងសារតាមទូរទស្សន៍នៅថ្ងៃពុធសប្តាហ៍នេះថា អ៉ីស្រាអែលកំពុងរៀបចំបើកសង្រ្គាមជើងគោកនៅតំបន់ហ្គាហ្សា ប៉ុន្តែមិនផ្តល់លម្អិតអំពីពេលវេលា ឬព័ត៌មានផ្សេងទៀតជុំវិញការត្រៀមលក្ខណៈនេះទេ៕

រូបភាពពី Reuters