(ប្រ៊ុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុបជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយក៏មានបំណងបង្ហាញការបន្តការគាំទ្រដើ់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល នឹងក្លាយជាកិច្ចប្រជុំផ្ទាល់លើកដំបូងរបស់មេដឹកនាំសហភាពអឺរ៉ុបទាំង ២៧ ប្រទេស ចាប់តាំងពីការវាយប្រហារដ៏សាហាវទៅលើអ៊ីស្រាអែល ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី ០៧ ខែតុលា ដែលបានជំរុញឱ្យអ៊ីស្រាអែលទម្លាក់គ្រាប់បែក និងបិទខ្ទប់តំបន់ហ្គាហ្សា។

ខណៈពេលដែលបណ្តាប្រទេសសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ពួកហាម៉ាស មេដឹកនាំបានព្យាយាមប្រកាន់ខ្ជាប់នូវសារស្រដៀងគ្នា ដោយខ្លះបានសង្កត់ធ្ងន់លើសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន និងខ្លះទៀតសង្កត់ធ្ងន់លើការព្រួយបារម្ភចំពោះជនស៊ីវិលប៉ាឡេស្ទីន។

នៅមុនកិច្ចប្រជុំកំពូល បណ្តាប្រទេសសហភាពអឺរ៉ុបបានពិភាក្សាគ្នាថា តើត្រូវអំពាវនាវឱ្យមាន «បទឈប់បាញ់មនុស្សធម៌» ដោយអ្នកខ្លះមើលឃើញថាវិធានការនេះមានសារៈសំខាន់ ក្នុងការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ខណៈដែលអ្នកផ្សេងទៀតបាននិយាយថា វាអាចកំណត់សមត្ថភាពការពារខ្លួនរបស់អ៊ីស្រាអែល។

ក្រុមអ្នកការទូតបាននិយាយថា EU ហាក់ដូចជាមានការសម្របសម្រួលជុំវិញការអំពាវនាវឱ្យមាន «ផ្អាកការបាញ់គ្នាសម្រាប់មនុស្សធម៌» ព្រោះវាមានន័យថាការសម្រាករយៈពេលខ្លី ក្នុងការប្រយុទ្ធគ្នាសម្រាប់កិច្ចការជាក់លាក់ ដូចជាការដោះលែងចំណាប់ខ្មាំង ឬដឹកក្បួនជំនួយជាជាងបទឈប់បាញ់ជាផ្លូវការ។

គួរបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប រួមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានទៅទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ីស្រាអែល និងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីការពារជម្លោះកុំឱ្យកើនឡើងជាសង្រ្គាមក្នុងតំបន់។

ខណៈពេលដែលសហភាពអឺរ៉ុបមានឥទ្ធិពលតិចតួចនៅក្នុងជម្លោះ ក្រុមមន្ត្រីបង្ហាញការបារម្ភថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាអាចមានផលវិបាកធ្ងន់ធ្ងរសម្រាប់អឺរ៉ុប រួមទាំងការកើនឡើងភាពតានតឹងរវាងសហគមន៍ និងការហូរចូលនៃជនភៀសខ្លួន៕

រូបភាពពី Reuters