(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ កប៉ាល់ស៊ីវិលពីរគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីន បានសម្រុកចូលទៅក្នុងដែនទឹកតាមតែទំនើងចិត្ត ដែលជាប់នឹងថ្មប៉ប្រះទឹក Ren'ai នៃប្រជុំកោះ Nansha របស់ប្រទេសចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានបើកបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់ នៅកន្លែងកើតហេតុនិងទូកនេសាទចិនដែលកំពុងដំណើរការជាប្រក្រតី។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគីហ្វីលីពីនថែមទាំងបានទម្លាក់កំហុសនិងស្ដីបន្ទោសប្រទេសចិនថា មានចេតនាបង្ករឿងហេតុ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ភ្លាម ដែលបានថ្កោលទោសសកម្មភាពអនុវត្តច្បាប់របស់ប្រទេសចិន សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ខ្លួន អាមេរិកបានប្រើ «សន្ធិសញ្ញាស្តីពីការរួមគ្នាការពារ រវាងអាមេរិកនិងហ្វីលីពីន» ដើម្បីផ្តល់ការគាំទ្រដល់សកម្មភាពល្មើសច្បាប់ និងបង្ករឿងហេតុរបស់ភាគីហ្វីលីពីន។

តើអ្នកណាត្រូវអ្នកណាខុសក្នុងហេតុការណ៍នេះ? តាមទិដ្ឋភាពវីដេអូឃ្លីបដែលប្រកាសដោយ រដ្ឋបាលឆ្មាំសមុទ្រចិនបានបង្ហាញឱ្យឃើញថា កាលពីថ្ងៃទី ២២ ខែតុលានេះ នាវាហ្វីលីពីនមិនអើពើនឹងការព្រមានដ៏ម៉ឹងម៉ាត់របស់ចិន ហើយបានបរទៅកៀកនឹងនាវាចិនតាមរយៈ វិធីអសុវត្ថិភាពដែលបណ្តាលឱ្យកើតមានការបុកគ្នា។ ឆ្មាំសមុទ្រចិនបានអនុវត្តច្បាប់ជាចាំបាច់ដោយស្របតាមច្បាប់ ដើម្បីឆ្លើយតបនឹងនាវាហ្វីលីពីន ប្រតិបត្តិការនៅនឹងកន្លែងមានលក្ខណៈឯកទេសនិងរក្សាការអត់ធ្មត់។

សូមបញ្ជាក់ថា សំដៅចំពោះអធិបតេយ្យភាពនៃថ្មប៉ប្រះទឹក Ren'ai សហគមន៍អន្តរជាតិបានមានគំនិតឯកភាពរួម ជាយូរណាស់មកហើយ ពោលគឺ វាជាចំណែកមួយនៃប្រជុំកោះ Nansha និងជាទឹកដីរបស់ចិនដែលស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះបូករួមទាំង «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ផងដែរ។ ២៤ ឆ្នាំមុន នាវាចម្បាំងមួយគ្រឿងរបស់ភាគីហ្វីលីពីន បានចតចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន ។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសចិនបានធ្វើការប្រាស្រ័យទាក់ទង ជាមួយហ្វីលីពីនស្តីពីថ្មប៉ប្រះទឹក Ren’ai ជាច្រើនលើកច្រើនសារ ចិនទាមទារឱ្យភាគីហ្វីលីពីនមិនត្រូវបញ្ជូនសម្ភារៈសំណង់ ទៅកាន់នាវាចម្បាំងដែលចតចោលដោយខុសច្បាប់ ហើយប្រញាប់អូសនាវាចម្បាំងគ្រឿងនេះចេញឱ្យបានឆាប់ៗ។ ក្នុងមួយរយៈពេលជាយូរណាស់មកហើយ ប្រទេសចិននិងហ្វីលីពីនបានគ្រប់គ្រងយ៉ាងល្អបង្គួរ នូវស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai តាមរយៈការប្រាស្រ័យទាក់ទង ហើយបានឈានដល់ការយោគយល់គ្នាក្នុងបញ្ហានេះ។

ប៉ុន្តែ ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសហ្វីលីពីនបានចាត់ប្រតិបត្តិការលើ បញ្ហាសមុទ្រចិនខាងត្បូងឥតឈប់ឈរ ហ្វីលីពីនបានចាត់បញ្ជូននាវាសម្រុកចូលទៅក្នុង លំហសមុទ្រក្បែរកោះ Huangyan និងថ្មប៉ប្រះទឹក Ren’ai ម្តងហើយម្តងទៀតដែលបានបង្ករឿងហេតុដោយចេតនា។ លើសពីនេះទៅទៀត ភាគីហ្វីលីពីនក៏បានផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយដោយចេតនា ប៉ុនប៉ងបំភាន់មជ្ឈដ្ឋានខាងក្រៅឱ្យគេយល់ច្រលំថា ចិនបាននិងកំពុងធ្វើបាបប្រទេសតូចៗ។

សំដៅចំពោះទង្វើខុសទំនងរបស់ហ្វីលីពីន បញ្ញវន្តសិក្សាអំពីបញ្ហាអាស៊ីអាគ្នេយ៍បានថ្លែងថា កត្តាដ៏ធំបំផុតនៅពីក្រោយនេះ គឺសហរដ្ឋអាមេរិកហ្នឹងឯង។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងពន្លឿនជំរុញអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក" សម្រាប់ឡោមព័ទ្ធនិងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ឯប្រទេសអាស៊ីអាគ្នេយ៍ត្រូវចាត់ទុកថា ជាចំណែកដ៏សំខាន់មួយនៃយុទ្ធសាស្រ្តនេះ ។ ក្នុងមួយរយៈពេលកន្លងទៅ មន្ត្រីជាន់ខ្ពស់អាមេរិកបានបំពេញទស្សនកិច្ច នៅប្រទេសអាស៊ីអាគ្នេយ៍ជាញឹកញាប់ ក្នុងចេតនាសំខាន់គឺ ប៉ុនប៉ងចង់បង្ខំឱ្យប្រទេសពាក់ព័ន្ធជ្រើសរើស ការឈរនៅម្ខាងជាមួយអាមេរិកឬក៏ចិនដែរ ហើយបានប្រើប្រាស់វិវាទសមុទ្រចិនខាងត្បូង ដើម្បីអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងនេះ និងប្រទេសចិន ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។

នាពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានញុះញង់និងគាំទ្រយ៉ាងកម្រោលដល់ ទង្វើរបស់ហ្វីលីពីនក្នុងការជួសជុលនិងពង្រឹងនាវាចម្បាំង ដែលចតចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren'ai រហូតដល់បានចាត់បញ្ជូនយន្តហោះយោធានិងនាវាចម្បាំង ដើម្បីផ្តល់ការគាំទ្រក្នុងដែនសមុទ្រ ហើយក៏បានចាត់ទុកការអនុវត្ត «សន្ធិសញ្ញា ស្តីពីការរួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីន» ធ្វើជាលេសជាច្រើនលើកច្រើនសារ ដើម្បីគំរាមកំហែងដល់ប្រទេសចិនទៀតផង។

និយាយជារួម បញ្ហាថ្មប៉ប្រះទឹក Ren’ai ជាបញ្ហាទ្វេភាគីរវាងចិននិងហ្វីលីពីន ។ សហរដ្ឋអាមេរិកមិនមែនជាសមីភាគី នៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ គឺ គ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងលើបញ្ហានេះឡើយ។ សូមដាស់តឿនប្រទេសហ្វីលីពីនឱ្យប្រញាប់ បោះបង់ចោលការស្រមើស្រមៃដែលចង់ពឹងផ្អែកលើសហរដ្ឋអាមេរិក និងរួមសហការជាមួយប្រទេសចិនដើម្បីគាំពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ក៏ដូចជាគាំពារផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់។ ចិនមិនបង្ករឿងហើយក៏មិនខ្លាចគេរករឿងដែរ ចិននឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី សិទ្ធនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន