(ឡុងដ៏)៖ ឧបនាយករដ្ឋមន្រ្តីអង់គ្លេស លោក Oliver Dowden បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិនបានទទួលយកការអញ្ជើញរបស់ចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) ដែលគ្រោងនឹងរៀបចំនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

លោក Dowden បានប្រាប់ទូរទស្សន៍អង់គ្លេសយ៉ាងដូច្នេះថា «នេះគឺស្ថិតក្នុងជាករណីដែលពួកគេ (ចិន) បានទទួលយកការអញ្ជើញ ប៉ុន្តែយើងនឹងរង់ចាំមើលថានរណានឹងបង្ហាញខ្លួនក្នុងកិច្ចប្រជុំកំពូលនោះ។ ក្នុងលក្ខខណ្ឌបច្ចុបន្ន អាចនិយាយបានថា យើងរំពឹងថាពួកគេនឹងមក»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសកំពុងប្រមូលផ្តុំតំណាងក្រុមហ៊ុន AI អ្នកដឹកនាំនយោបាយ និងអ្នកជំនាញឲ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូល ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ដើម្បីពិភាក្សាគ្នាអំពីអ្វីដែលអ្នកខ្លះមើលឃើញថា ជាហានិភ័យដែលបង្កឡើងដោយបច្ចេកវិទ្យា AI ក្នុងគោលបំណងបង្កើតការឯកភាពជាអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព៕

រូបភាពពី Reuters