(សេអ៊ូល)៖ មនុស្សជាច្រើនបានប្រជ្រៀតគ្នាទៅវិញទៅមក កាលពីថ្ងៃពុធសប្តាហ៍នេះ នៅផ្លូវតូចចង្អៀតមួយនៃទីក្រុងសេអ៊ូល មុនពេលឆ្លងកាត់របាំងការពាររបស់មន្ត្រីប៉ូលិស នៅក្នុងការហាត់សមមួយដើម្បីការពារសុវត្ថិភាព នៅមុនខួបមួយឆ្នាំនៃសោកនាដកម្មស្លាប់មនុស្សអំឡុងពិធីបុណ្យ Halloween។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

លំហាត់សមមួយដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ត្រូវបានរចនាឡើងដើម្បីកំណត់និងជូនដំណឹង នៅពេលហ្វូងមនុស្សជួបគ្រោះថ្នាក់ រួចបញ្ជូនរូបភាពទៅកាន់ក្រុមមន្ត្រីដែលត្រៀមលក្ខណៈជាស្រេចក្នុងការធ្វើសកម្មភាព។

សម្រាប់ឆ្នាំ ២០២៣នេះ ក្រុមមន្ត្រីនៅក្នុងរដ្ឋធានីរបស់កូរ៉េខាងត្បូង បាននិយាយថា ពួកគេនឹងធ្វើការជាមួយប៉ូលិស ភ្នាក់ងារសង្គ្រោះបន្ទាន់ និងមន្ត្រីក្នុងតំបន់ ដើម្បីធានាថា «មិនមាននរណាម្នាក់រងរបួស» អំឡុងពិធីបុណ្យ Halloween។ អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយថា «លំហាត់សមនេះ ផ្តោតទៅលើរបៀបធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ តាមរយៈការតាមដានស្ថានភាពក្នុងពេលវេលាជាក់ស្តែង ដោយមានជំនួយពីវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗ»

គួរបញ្ជាក់ថា អ្នកស្ម័គ្រចិត្តប្រហែល ១៥០នាក់ បានចូលរួមក្នុងដំណើរការសមព្រមានទុកជាមុន ដែលបញ្ជូនរូបភាពមកតាមកាមេរ៉ា CCTV ចំនួន ៩០៩កន្លែងនៃ ៧១ទីតាំង ក្នុងគោលបំណងដើម្បីវិភាគចលនា និងដង់ស៊ីតេនៃហ្វូងមនុស្ស មុនពេលជូនដំណឹងដល់អាជ្ញាធរអំពីសញ្ញានៃគ្រោះថ្នាក់។

កិច្ចខិតខំប្រឹងប្រែងនេះកើតឡើងបន្ទាប់ពីមានការប្រជ្រៀតគ្នា នៅឯផ្លូវតូចចង្អៀតមួយនៅក្នុងសង្កាត់កម្សាន្តរាត្រី Itaewon ដោយបានសម្លាប់មនុស្ស ១៥៩នាក់កាលពីឆ្នាំ ២០២២ ដោយបណ្តាលមកពីការខ្វះខាតការរៀបចំ និងវិធានការគ្រប់គ្រង ក្នុងពេលមានមនុស្សច្រើន៕

រូបភាពពី Reuters