(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវឲ្យក្រុមហាម៉ាសផ្តល់ភស្តុតាងអំពីការនៅរស់រានជីវិតរបស់ចំណាប់ខ្មាំងដែលខ្លួនកំពុងឃុំឃាំង ហើយដោះលែងពួកគេទាំងអស់ដោយហេតុផលសុខភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

WHO បានឲ្យដឹងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) គួរតែត្រូវបានអនុញ្ញាតឲ្យទៅចូលទៅផ្តល់ការព្យាបាលបន្ទាន់ ខណៈខ្លួនបានត្រៀមរួចជាស្រេចក្នុងការផ្តល់ជំនួយផ្នែកសុខភាពណាមួយ សម្រាប់ចំណាប់ខ្មាំង។ WHO មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ចំណាប់ខ្មាំង ដែលរួមមានបុគ្គលិកសុខាភិបាល និងកុមាររហូតដល់ ៣០នាក់។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ថា «យើងត្រូវការឲ្យអ្នកដែលបានចាប់ចំណាប់ខ្មាំង ផ្តល់សញ្ញានៃការរស់រានមានជីវិតរបស់ពួកគេ ភស្តុតាងពីការផ្តល់ការថែទាំសុខភាព និងការដោះលែងជាបន្ទាន់ ដោយផ្អែកលើហេតុផលមនុស្សធម៌ និងសុខភាពនៃអ្នកដែលត្រូវបានចាប់ពង្រត់ទាំងអស់»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅហ្គាហ្សា អាជ្ញាធរសុខាភិបាលប្រចាំតំបន់ បានអះអាងថា ប្រជាជនប៉ាឡេស្ទីនជាង ៦,៥០០នាក់ត្រូវបានសម្លាប់ក្រោមការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ដែលជាការឆ្លើយតបចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីបានការវាយប្រហារលើអ៉ីស្រាអែលសម្លាប់មនុស្ស ១,៤០០នាក់។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ សម្រាប់ដំណើរការផ្គត់ផ្គង់ផ្នែកសុខាភិបាល និងប្រេងឥន្ធនៈប្រកបដោយសុវត្ថិភាពនៅទូទាំងតំបន់ហ្គាហ្សា៕

រូបភាពពី Reuters