(សេអ៊ូល)៖ ក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានសម្តែងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធារបស់កូរ៉េខាងជើងដល់រុស្ស៉ី ដោយបញ្ជាក់ថាមានការចែកចាយអាវុធជាច្រើនប្រភេទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍រួមនោះបានបញ្ជាក់ថា «សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងជប៉ុន សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្តល់សម្ភារៈយោធា និងអាវុធពីកូរ៉េខាងជើងដល់សហព័ន្ធរុស្ស៉ី ដើម្បីប្រើប្រាស់ប្រឆាំងរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន»

សេចក្តីថ្លែងការណ៍ដែលលើកឡើងដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៣ បានបន្ថែមថា «ការចែកចាយអាវុធ ដែលភាគច្រើនដែលយើងទទួលបានការបញ្ជាក់ហើយនោះ នឹងធ្វើប៉ះពាល់ដល់មនុស្សកាន់តែច្រើន ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី។ យើងក៏កំពុងតាមដានយ៉ាងដិតដល់ចំពោះសម្ភារៈទាំងឡាយណាដែលរុស្ស៉ីនឹងផ្តល់ឲ្យកូរ៉េខាងជើងវិញ ដើម្បីគាំទ្រដល់គោលដៅយោធារបស់ទីក្រុងព្យុងយ៉ាង»

គួរបញ្ជាក់ថា រុស្ស៉ី និងកូរ៉េខាងជើងតែងបដិសេធការបញ្ជូនអាវុធសម្រាប់យកទៅប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន ចំពេលមានការបង្ហាញរបាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន និងក្រុមអ្នកស្រាវជ្រាវអំពីនាវាផ្ទុកកុងតឺន័រដែលទំនងជាមានអាវុធ នៅឯកំពង់ផែនៃប្រទេសទាំងពីរ។ ខណៈប្រព័ន្ធផ្សព្វផ្សាយមិនអាចបញ្ជាក់លម្អិតអំពីការដឹកជញ្ជូននោះបាន របាយការណ៍ដដែលបានបញ្ជាក់ថា កុងតឺន័រពីភាគខាងជើង ក្រោយមកត្រូវបានបញ្ជូនទៅកាន់កន្លែងផ្ទុកគ្រាប់បែករបស់រុស្ស៉ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន៕

រូបភាពពី AFP