(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក NBC News ដោយផ្អែកលើប្រភពពីមន្រ្តីប៉ូលិស បានរាយការណ៍ថា មនុស្សយ៉ាងហោចចំនួន២២នាក់ បានបាត់បង់ជីវិត និងប្រហែល៥០-៦០នាក់ផ្សេងទៀត បានទទួលរងរបួសនាវេលាយប់ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ក្នុងករណីបាញ់ប្រហារទ្រង់ទ្រាយធំ ដែលកើតឡើង នៅទីតាំងច្រើនកន្លែងផ្សេងគ្នា ក្នុងទីក្រុង Lewiston នៃរដ្ឋ Maine របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។
ក្រុមមន្រ្តីប៉ូលិសប្រចាំទីក្រុង Lewiston និងរដ្ឋ Maine បានឱ្យដឹងថា មានករណីខ្មាន់កាំភ្លើងកំពុងដើរបាញ់សម្លាប់មនុស្ស ហើយពួកគេកំពុងតាមស្វែងរកជនសង្ស័យ ដែលមិនទាន់ត្រូវឃាត់ខ្លួនបាននៅឡើយ ប៉ុន្តែមិនមានការផ្តល់តួលេខជនរងគ្រោះផ្លូវការនោះទេ។ ស្ថាប័នប៉ូលិសទីក្រុង Lewiston បានបង្ហោះរូបថតជនសង្ស័យ៣សន្លឹក ដែលហាក់ប្រដាប់ដោយកាំភ្លើងវែង១ដើម ប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ។ ចំណែកប៉ូលិសរដ្ឋ Maine បានស្នើកុំឱ្យប្រជាជនចេញមកខាងក្រៅ និងបិទទ្វារចាក់សោនៅក្នុងផ្ទះ ខណៈអាជ្ញាធរកំពុងធ្វើការស៉ើបអង្កេតនៅទីតាំងច្រើនកន្លែង។
ប្រសិនបើតួលេខអ្នកស្លាប់២២នាក់ខាងលើ ត្រូវបានទទួលស្គាល់ជាការពិត នោះវានឹងក្លាយជាករណីបាញ់ប្រហារដ៏ប្រល័យបំផុត នៅក្នុងសហរដ្ឋអាមេរិក គិតចាប់តាំងពី យ៉ាងហោចឆ្នាំ២០១៩ នៅពេលខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ នៅផ្សារទំនើប Walmart ក្នុងទីក្រុង El Paso ជាមួយកាំភ្លើងវែង Ak-47 ហើយបានសម្លាប់មនុស្ស២៣នាក់។ ក្រុមរដ្ឋអាជ្ញាអាមេរិក បានចាត់ទុកករណីនោះថា ជាឧក្រិដ្ឋកម្មស្អប់ខ្ពើមជនជាតិអាមេរិកឡាទីន។
គួរបញ្ជាក់ថា រីឯ ករណីបាញ់ប្រហារដ៏ប្រល័យបំផុតនៅសហរដ្ឋអាមេរិក ដែលត្រូវបានកត់ត្រា គឺការសម្លាប់រង្គាលមនុស្សរហូតដល់៥៨នាក់ ក្រោមដៃខ្មាន់កាំភ្លើងម្នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារចេញពីសណ្ឋាគារកម្ពស់ខ្ពស់ ទៅលើហ្វូងមនុស្សដែលចូលរួមបុណ្យតន្រ្តីមួយ នៅទីក្រុង Las Vegas នៃរដ្ឋ Nevada កាលពីឆ្នាំ២០១៧។ យោងតាមអង្គការ Gun Violence Archive នៅក្នុងឆ្នាំ២០២៣នេះ សហរដ្ឋអាមេរិក បានកត់ត្រាករណីបាញ់ប្រហារទ្រង់ទ្រាយធំ ដែលមានមនុស្សចាប់ពី៤នាក់ឡើងទៅ ស្លាប់ឬរបួស លើសពី៥០០ករណី៕
រូបភាពពី Reuters
រូបភាពជនសង្ស័យជាខ្មាន់កាំភ្លើង (ប្រភពពី Reuters)