(អូតាវ៉ា)៖ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងអូតាវ៉ា របស់កាណាដា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ឥណ្ឌានឹងចេញទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាឡើងវិញ ខណៈនេះជាសញ្ញាបន្ធូរបន្ថយភាពតានតឹងមួយរវាងប្រទេសទាំងពីរ ក្រោយពីមានជម្លោះផ្នែកការទូតជុំវិញការសម្លាប់មេដឹកនាំក្រុមបំបែកខ្លួន Sikh នៅលើទឹកដីកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

គណៈកម្មការជាន់ខ្ពស់ឥណ្ឌា បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីការពិចារណាឡើងវិញអំពីស្ថានភាពសន្តិសុខ ដែលពាក់ព័ន្ធនឹងចំណាត់ការមួយចំនួនរបស់កាណាដានាពេលថ្មីៗ ជុំវិញបញ្ហាខាងលើនេះ ឥណ្ឌាសម្រេចចិត្តបន្តសេវាកម្មផ្តល់ទិដ្ឋាការឡើងវិញ»។ លោក Harjit Sajjan រដ្ឋមន្ត្រីទទួលបន្ទុកការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់របស់កាណាដា បានស្វាគមន៍ការសម្រេចចិត្តរបស់ឥណ្ឌានេះថាជា «ដំណឹងល្អសម្រាប់ប្រជាជនកាណាដា»

គួរបញ្ជាក់ថា ផ្តើមចេញពីការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី Justin Trudeau អំពីភាពជាប់ពាក់ព័ន្ធរបស់ភ្នាក់ងារឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួន Sikh កាណាដាបានអំពាវឲ្យឥណ្ឌាចូលរួមក្នុងការស៉ើបអង្កេត ហើយបានបណ្តេញមន្រ្តីទូតឥណ្ឌាចេញពីប្រទេសរបស់ខ្លួន។ ទីក្រុងញូវដេលី ក៏បានចាត់វិធានការតបតវិញ ដែលរួមមានការបិទសេវាកម្មទិដ្ឋាការសម្រាប់ជនជាតិកាណាដាផងដែរ៕

រូបភាពពី AFP