(ហ្ស៊េរុយសាឡិម)៖ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងសារតាមទូរទស្សន៍នៅថ្ងៃពុធសប្តាហ៍នេះថា អ៉ីស្រាអែលកំពុងរៀបចំបើកសង្រ្គាមជើងគោកនៅតំបន់ហ្គាហ្សា ប៉ុន្តែមិនផ្តល់លម្អិតអំពីពេលវេលា ឬព័ត៌មានផ្សេងទៀតជុំវិញការត្រៀមលក្ខណៈនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

លោក Netanyahu បាននិយាយថា ការសម្រេចចិត្តថាតើពេលណាកងកម្លាំងអ៉ីស្រាអែល នឹងវាយលុកចូលទៅក្នុងដែនដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនោះ គឺត្រូវតែមានការទទួលយកពីគណៈរដ្ឋមន្ត្រីពិសេសមួយរបស់រដ្ឋាភិបាល ដែលក្នុងនោះក៏រួមមានទាំងមេដឹកនាំនៃគណបក្សប្រឆាំងផងដែរ។

លោក Netanyahu បានបញ្ជាក់ថា «យើងបានសម្លាប់ភេរវកររាប់ពាន់នាក់រួចមកហើយ ដោយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានេះ យើងក៏កំពុងរៀបចំធ្វើសង្រ្គាមជើងគោក។ តែខ្ញុំសូមមិនបញ្ជាក់ថានឹងធ្វើឡើងនៅពេលណា តាមរបៀបណា ឬក្នុងកម្រិតណានោះទេ ហើយខ្ញុំក៏មិនអាចបញ្ជាក់លម្អិតអំពីអ្វីដែលយើងកំពុងត្រៀម ឲ្យសាធារណជនបានដឹងនោះដែរ»

គួរបញ្ជាក់ថា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បើកការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាមក អ៉ីស្រាអែលបានអនុវត្តការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើតំបន់ហ្កាហ្សា។ បើតាមក្រសួងសុខាភិបាលហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជាង ៦,៥០០នាក់ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកនេះ៕

រូបភាពពី Reuters