(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសនៅថ្ងៃពុធ (ទី២៥ ខែតុលា) នេះថា លោកបានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដោយសារសង្គ្រាម «អមនុស្សធម៌» របស់ប្រទេសនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក Erdogan បានប្រាប់តំណាងគណបក្សកាន់អំណាចនៅក្នុងសភាយ៉ាងដូច្នេះថា «យើងមានគម្រោងទៅអ៊ីស្រាអែល ប៉ុន្តែវាត្រូវបានលុបចោល»។
ទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ា ជាមួយអ៊ីស្រាអែលត្រូវបានជាប់គាំងដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែលលើកប៉ាល់តួកគីដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាដែលបានសម្លាប់ជនស៊ីវិល ១០ នាក់កាលពីឆ្នាំ ២០១០ ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីខែមុន លោក Erdogan បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយបានបង្ហាញពីភាពប្រសើរឡើងនៃទំនាក់ទំនងទ្វេរភាគី ជាមួយការសម្រេចចិត្ត ក្នុងការតែងតាំងឯកអគ្គរដ្ឋទូតឡើងវិញ។
នៅថ្ងៃដំបូងនៃសង្រ្គាម លោក Erdogan បានបញ្ចេញសម្លេងប្រតិកម្មដោយឈរនៅកណ្តាល ដោយថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល និងជំរុញឱ្យអ៊ីស្រាអែលឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែលោកបានបញ្ចេញមតិខ្លាំងៗលើអ៊ីស្រាអែល បន្ទាប់ពីការបំផ្ទុះដ៏សាហាវមនៅមន្ទីរពេទ្យមួយក្នុងហ្គាហ្សាកាលពីសប្តាហ៍មុន ដែលនាំឱ្យមានការតវ៉ាដ៏ធំ និងខឹងសម្បារនៅទូទាំងពិភពមូស្លីម។
កាលពីថ្ងៃអង្គារ លោកបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងមានអាសនៈអចិន្ត្រៃយ៍ ពីការឱនក្បាលចំពោះ «របបអ៊ីស្រាអែល»។
គួរបញ្ជាក់ថា បើយោងតាមអាជ្ញាធរអ៊ីស្រាអែល សង្គ្រាមនៅតំបន់ហ្គាហ្សាចុងក្រោយបំផុត និងសាហាវបំផុតរហូតមកដល់បច្ចុប្បន្ន បានចាប់ផ្តើមនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ខ្មាំងចំនួន ២២២ នាក់ផងដែរ។
ដោយឡែកក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់នេះ បានសម្លាប់មនុស្សចំនួន ៥,៧៩១ នាក់ ដែលភាគច្រើនជាជនស៊ីវិល៕
រូបភាពពី AFP