(បេរូត)៖ ទូរទស្សន៍ al-Manar របស់ក្រុម Hezbollah បានរាយការណ៍ថា មេដឹកនាំនៃក្រុមរបស់ខ្លួនទើបតែបានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ Hamas និងក្រុម Islamic Jihad ដោយបានវាយតម្លៃលើសម្ព័ន្ធភាពរបស់ពួកគេ និងអ្វីដែលត្រូវធ្វើបន្តទៀត ដើម្បីសម្រេចបាននូវជ័យជំនះពិតប្រាកដសម្រាប់ការតស៊ូ នៅក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

អ្នកដែលមកចូលរួមប្រជុំជាមួយមេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah គឺមានអនុប្រធានក្រុម Hamas លោក Saleh al-Arouri និងប្រធានក្រុម Jihad លោក Ziad al-Nakhala។ ចំណងជើងនៅលើប៉ុស្តទូរទស្សន៍ al-Manar សរសេរថា «កិច្ចប្រជុំ... បានវាយតម្លៃលើតួនាទីរបស់អន្តរជាតិ និងអ្វីដែលក្រុមចលនាតស៊ូត្រូវតែធ្វើ» ដោយសំដៅទៅលើសម្ព័ន្ធមិត្ត ដែលរួមមានអ៉ីរ៉ង់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ស៉ីរី ក្រុមហេសបូឡារបស់លីបង់ និងបក្ខពួកផ្សេងទៀត។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៉ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន បានបង្កើនការភ័យខ្លាចកាន់តែខ្លាំងឡើង នូវភាពចលាចលក្នុងតំបន់ ជាពិសេសការដុតបញ្ឆេះភាពតានតឹងដែលមានស្រាប់ជាមួយស៉ីរី និងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសលីបង់៕

រូបភាពពី Reuters