(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ក្រសួងការពារជាតិចិន បានរិះគន់ចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក ដោយនិយាយថា វាមានចេតនាបង្កឱ្យមានការយល់ខុសមកលើ គោលនយោបាយផ្នែកសន្តិសុខនិងយុទ្ធសាស្រ្តផ្នែកយោធារបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។
ក្នុងរបាយការណ៍ប្រចាំឆ្នាំសម្រាប់សភាអាមេរិក មន្ទីរបញ្ចកោណបាននិយាយថា ក្នុងពេល១ទសវត្សរ៍ខាងមុខ ប្រទេសចិននឹងធ្វើទំនើបកម្ម ពិពិធកម្ម ហើយពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងសន្ទុះយ៉ាងឆាប់រហ័សបំផុត។ មន្ទីរបញ្ចកោណបានបន្តថា ចិនឥឡូវមានក្បាលគ្រាប់នុយក្លេអ៊ែរខ្ទង់ ៥០០គ្រាប់ ហើយប្រហែលមានដល់លើស១,០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។ របាយការណ៍អាមេរិក បានបន្តថា ចិននឹងប្រើប្រាស់រ៉ាអាក់ទ័រព្រមទាំងមូលដ្ឋានកែច្នៃជំនាន់ថ្មី ដើម្បីផលិតសារធាតុ plutonium សម្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោយធ្លាប់អះអាងជាសាធារណៈថា បច្ចេកវិទ្យាទាំងនោះ គឺនឹងប្រើសម្រាប់តែគោលដៅសន្តិភាពប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងសូមបង្ហាញពីការមិនពេញចិត្តជាខ្លាំង និងការជំទាស់យ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍នេះ» ហើយលោកបានបន្តថា វាបំភ្លៃនិងបំផុសបំផុលអំពីអ្វីដែលអាមេរិកចោទថាជា «ការគំរាមកំហែងផ្នែកយោធានៃប្រទេសចិន» ដែលជាក់ស្តែង គឺគ្មានទាល់តែសោះ។ លោក Wu បានគូសបញ្ជាក់ថា ការអភិវឌ្ឍនៃកងកម្លាំងប្រដាប់អាវុធចិន មានគោលដៅគ្រប់គ្រងការគំរាមគំហែងនៃសង្រ្គាម រក្សាការពារសន្តិសុខរបស់ប្រទេសខ្លួន និងជួយការពារសុខសន្តិភាពរបស់ពិភពលោក ដោយមិនមានបំណងអាក្រក់ទៅលើ ប្រទេសឬគោលដៅជាក់លាក់ណាមួយឡើយ។
ជាចុងក្រោយ ដោយហៅទំនាក់ទំនងយោធានិងយោធា គឺជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក លោក Wu Qian បានលើកឡើងដូច្នេះថា «យើងបន្តរក្សាការទាក់ទងគ្នា ដោយស្មោះត្រង់និងដោយប្រសិទ្ធភាព ជាមួយអាមេរិកតាមរយៈការទូតយោធា» ប៉ុន្តែអ្នកនាំពាក្យចិនរូបនេះ បានអះអាងថា បញ្ហាលំបាកនិងឧបសគ្គផ្សេងៗ ដែលប្រឈមទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ នឹងបង្កឡើងដោយសហរដ្ឋអាមេរិកផ្ទាល់៕
រូបភាពពីក្រសួងការពារជាតិចិន