(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើទីតាំងយោធា នៅឯភាគនិរតីនៃប្រទេស នាថ្ងៃពុធនេះបានសម្លាប់ទាហានចំនួន ៨នាក់ និង ៧នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

ផ្អែកលើប្រភពពីយោធា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានបញ្ជាក់ថា «ការឈ្លានពានតាមអាកាស» របស់អ៉ីស្រាអែល កំណត់គោលដៅលើទីតាំងយោធាមួយចំនួននៅជិតទីក្រុង Deraa ភាគនិរតី និងបានបង្កការខូចខាតដល់សម្ភារផងដែរ ។ ការវាយប្រហារនេះកើតឡើងនៅម៉ោងប្រហែល ១និង ៤៥នាទីរំលងអាធ្រាតឈានចូលព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកងទ័ពស៉ីរី និងគ្រាប់កាំភ្លើងត្បាល់ នៅព្រឹកថ្ងៃពុធនេះ ដែលជាការឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែត ចេញពីស៉ីរីឆ្ពោះទៅកាន់អ៉ីស្រាអែល៕

រូបភាពពី AFP