(ដាក្កា)៖ នៅថ្ងៃពុធនេះ មនុស្សជិត២៧៥,០០០នាក់នៅប្រទេសបង់ក្លាដែស បាននាំគ្នាភៀសខ្លួនទៅកាន់មជ្ឈមណ្ឌលជ្រកកោនសុវត្ថិភាព ខណៈដែលព្យុះស៉ីក្លូនឈ្មោះ Hamoon បានបោកបក់លើបណ្តោយឆ្នេរភាគអាគ្នេយ៍នៃប្រទេសអាស៉ីខាងត្បូងមួយនេះ ហើយសម្លាប់មនុស្ស២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក Kamrul Hasan លេខាធិការក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែស បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងបានជម្លៀសមនុស្សសរុប២៧៣,៣៥២នាក់ ទៅកាន់មជ្ឈមណ្ឌលជ្រកកោនសុវត្ថិភាព ខណៈមនុស្ស២នាក់បានបាត់បង់ជីវិត ក្នុងនោះម្នាក់បានស្លាប់ដោយសារដើមឈើបាក់សង្កត់ និងម្នាក់ទៀតដោយសារអគារដួលរលំ។ ក្រៅពីនេះមនុស្សយ៉ាងហោច១០នាក់ ក៏បានរងរបួស និងកំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ ផងដែរ»។
អ្នកជំនាញផ្នែកឧតុនិយមរបស់បង់ក្លាដែស បាននិយាយថា ព្យុះស៉ីក្លូន Hamoon បានធ្វើដំណើរមកដល់ស្រុក Chittagong និង Cox's Bazar កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃពុធនេះ ជាមួយកម្លាំងខ្យល់ល្បឿនអតិបរមា១០៤គីឡូម៉ែត្រក្នុង១ម៉ោង។ បើតាមការព្យាករ ព្យុះស៉ីក្លូននេះនឹងបន្តបោកបក់នៅលើផ្ទៃដី ហើយថយចុះឥទ្ធិពលដោយសន្សឹមៗ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ ព្យុះស៉ីក្លូនឈ្មោះ Mocha បានក្លាយជាព្យុះខ្លាំងក្លាបំផុត ដែលបានវាយប្រហារលើបង់ក្លាដែស គិតចាប់តាំងពីព្យុះស៉ីក្លូន Sidr កាលពីខែវិច្ឆិកា ឆ្នាំ២០០៧។ ព្យុះ Sidr បានឆក់យកជីវិតមនុស្សជាង៣,០០០នាក់ ហើយបង្កឱ្យមានការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ៕
រូបភាពពី AFP